ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា លោក អាប់ឌុល បាឡុត (Abdul Ballut) ជនជាតិអាល្លឺម៉ង់ដើមកំណើតលីបង់ អាយុ ២១ ឆ្នាំ ត្រូវបានបាញ់សម្លាប់កាលពីល្ងាចថ្ងៃទី ២៦ ខែកក្កដា វេលាម៉ោងក្នុងស្រុក បន្ទាប់ពីរូបគេបានកាន់កាំបិតរត់ចូលប្រហារលើមន្ត្រីអាជ្ញាធរនៅតំបន់ Spandau ភាគខាងលិចទីក្រុងប៊ែរឡាំង ដែលជាការបញ្ចប់ប្រតិបត្តិការតាមប្រមាញ់ចាប់តាំងពីយប់ថ្ងៃសៅរ៍។

មុននេះ លោក បាឡុត បានបើករថយន្តវ៉ានពណ៌សបុកចូលទៅក្នុងក្រុមមនុស្សនៅជិតសួនសាធារណៈ Tiergarten កាលពីវេលាម៉ោងប្រមាណ ១០:០០ យប់ ថ្ងៃទី ២៥ ខែកក្កដា បណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និងមនុស្សយ៉ាងហោចណាស់ ២៩ នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសបានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើននាក់រងរបួសដោយសារការចាក់នឹងកាំបិត។
សួនសាធារណៈខាងលើនេះស្ថិតនៅជិតទីតាំងរៀបចំប្រារព្ធពិធី “Berlin Pride” ឬ “Christopher Street Day” ដែលជាក្បួនដង្ហែកម្សាន្តអបអរសាទររបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយក៏ជាព្រឹត្តិការណ៍ Pride ដ៏ធំបំផុតមួយនៅក្នុងតំបន់អឺរ៉ុបផងដែរ។

លោក Alexander Dobrindt រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃអាទិត្យថា ភស្តុតាងផ្សេងៗបានចង្អុលបង្ហាញទៅក្នុងទិសដៅតែមួយថា វាជាអំពើភេរវកម្មដោយក្រុមជ្រុលនិយម ព្រមទាំងបានដំឡើងកម្រិតការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនៅក្នុងប្រទេស និងបានជូនដំណឹងព្រមទាំងណែនាំឱ្យរដ្ឋផ្សេងៗពិនិត្យមើលឡើងវិញនូវវិធានការសន្តិសុខនៅក្នុងព្រឹត្តិការណ៍ធំៗ។
ខណៈដែលលោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បានចុះទៅដល់ទីតាំងកើតហេតុនៅជុំវិញសួនសាធារណៈ Tiergarten និងបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដោយបានប្តេជ្ញាចិត្តថានឹងការពារសេរីភាព និងការរស់នៅដោយបើកទូលាយរបស់ប្រជាពលរដ្ឋឱ្យដល់កម្រិតកំពូល។

ចំណែកឯការិយាល័យអគ្គព្រះរាជអាជ្ញានៃទីក្រុងប៊ែរឡាំង បានចេញសេចក្តីថ្លែងការណ៍បើកកាយលម្អិតបន្ថែមអំពីប្រវត្តិឧក្រិដ្ឋកម្មរបស់លោក អាប់ឌុល បាឡុត ដោយបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០២៥ លោក បាឡុត បានធ្វើដំណើរឆ្លងកាត់ប្រទេសទួរគីទៅកាន់ប្រទេសលីបង់ ដោយមានបំណងចង់ចូលរួមជាមួយក្រុម ISIS នៅប្រទេសស៊ីរី ហើយបានទាក់ទងជាមួយមនុស្សជាច្រើននាក់ដែលជឿថាកំពុងតែជាសមាជិកក្រុម ISIS ក្នុងអំឡុងពេលនៅទីនោះ។
បន្ទាប់មកនៅក្នុងខែកក្កដា រូបគេត្រូវបានចាប់ខ្លួននៅប្រទេសលីបង់ និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ខែ ពីបទញុះញង់ឱ្យមានជម្លោះសាសនា និងនិកាយ។

នៅក្នុងខែវិច្ឆិកា បាឡុត បានធ្វើដំណើរត្រឡប់មកប្រទេសអាល្លឺម៉ង់វិញ ហើយត្រូវបានចាប់ខ្លួនភ្លាមៗនៅព្រលានយន្តហោះ រួចត្រូវបានឃុំខ្លួនដើម្បីរង់ចាំការជំនុំជម្រះក្តី។ កាលពីខែឧសភាកន្លងទៅនេះ តុលាការបានសម្រេចផ្តន្ទាទោសរូបគេឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង ១០ ខែ ពីបទរៀបចំគម្រោងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលជាគ្រោះថ្នាក់ដល់សន្តិសុខរដ្ឋ ប៉ុន្តែតុលាការបានព្យួរទោសរយៈពេល ៦ ខែ និងបង្គាប់ឱ្យរូបគេស្ថិតនៅក្រោមការត្រួតពិនិត្យរបស់មន្ត្រីកាត់ទោស។
ទោះជាយ៉ាងណាក៏ដោយ រូបគេក៏មានប្រវត្តិប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាច្រើនករណីកាលពីអតីតកាលផងដែរ ដោយធ្លាប់ត្រូវបានតុលាការរកឃើញថាមានទោសពីបទបង្ករបួសស្នាម និងឆក់ប្លន់នៅក្នុងឆ្នាំ ២០២២ រួមទាំងករណីប្លន់យករន្ធកាស (Headphones) ពីជនរងគ្រោះម្នាក់នៅក្នុងឆ្នាំ ២០២០ ផងដែរ៕

