តាកែវ ៖ ពុំមានការចាក់ដីរំលោភយកដីចំណីបឹងតាកែវធ្វើជាកម្មសិទ្ធិឯកជននោះឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ។

ឯកឧត្តមបញ្ជាក់ថា ការចាក់ដីមួយផ្នែកនៅក្នុងបឹងតាកែវ នាពេលនេះ គឺដើម្បីរៀបចំកសាងប្រាសាទសេរីវិជ័យ វេទិកាប្រកួតទូក ផ្លូវក្រវ៉ាត់បឹង និងសួនច្បារសាធារណៈ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងដូនកែវ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។

ការថ្លែងបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្ដដា ឆ្នាំ២០២៦ ។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួន ដោយបានសម្តែងក្តីបារម្ភថា ការចាក់ដីមួយផ្នែកក្នុងបឹងតាកែវ អាចនាំឱ្យខ្វះខាតទឹកប្រើប្រាស់ ឬមានការស៊ុំគ្រលំយកដីចំណីបឹង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះផ្សាយទាំងនោះ គឺជាព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តពន្យល់ពីទិសដៅអភិវឌ្ឍន៍ច្បាស់លាស់របស់រដ្ឋបាលខេត្តថា ការចាក់ដីមួយផ្នែកនៅចំកណ្តាលបឹង គឺសម្រាប់កសាងប្រាសាទសេរីវិជ័យ ដែលអាជ្ញាធរខេត្តបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាពេលថ្មីៗកន្លង ទៅ។ ចំណែកការចាក់ដីមួយផ្នែកទៀត គឺដើម្បីរៀបចំផ្លូវចូលទៅកាន់សណ្ឋាគារលំដាប់ផ្កាយ៤ របស់ក្រុមហ៊ុនវិនិយោគ និងដីមួយផ្នែកទៀត រៀបចំសម្រាប់កសាងវេទិកាអុំទូកផ្លូវការ ព្រមទាំងការរៀប ចំសួនច្បារលម្អសោភ័ណភាព សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើជាទីកន្លែងដើរកម្សាន្ត ហាត់ប្រាណ និងសម្រាកលំហែកាយ ។

ឯកឧត្តម វ៉ី សំណាង បានបន្ថែមទៀតថា អាជ្ញាធរខេត្តមិនអាចបណ្តែតបណ្តោយទុកឱ្យដីចំណីបឹងផ្នែកខាងលិចបឹងតាកែវ ក្លាយជាព្រៃដុះស៊ុបទ្រុប ប៉ះពាល់ដល់សោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងក្រុងនោះទេ ហើយក៏គ្មានការរំលោភយកដីនោះមកធ្វើផ្ទះផ្ទាល់ខ្លួនដូចការចោទប្រកាន់ឡើយ ។

លើសពីនេះ រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកការដ្ឋានជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ដើម្បីកសាង « ផ្លូវក្រវ៉ាត់បឹងតាកែវ » ផងដែរ។ ឯកឧត្តមអភិបាល ខេត្តបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយ ពេលដែលប្រាសាទ សណ្ឋាគារ សួនច្បារ វេទិកាអុំទូក និងផ្លូវក្រវ៉ាត់បឹង ត្រូវបានកសាងរួចរាល់ ខេត្តតាកែវ ជាពិសេសក្រុងដូនកែវ នឹងប្រែក្លាយមុខមាត់ថ្មី និងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុងប្រទេសកម្ពុជា ៕

ប្រភព៖ក្រសួងមហាផ្ទៃ

Share.