ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​ទទួល​ស្វាគមន៍​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា នាំ​យក​ពានរង្វាន់​ជើង​ឯកអាស៊ាន SEA V-CUP ជើងទី១ រដូវកាលទី៦ ត្រឡប់​មកមាតុភូមិ នៅ​អាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាច​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

​ក្រុម​កីឡាបាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ក្នុង​​ពានរង្វាន់​ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មាន​ចំនួន​ ២​ជើង ដោយ​ជើង​ទី១ ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន និង​ជើងទី២ ធ្វើ​ឡើង​ប្រទេស​ឥណ្ឌូណេស៊ី។ ជា​លទ្ធផល​​ក្រុម​កម្ពុជា យើង​ដណ្តើម​បាន​ជើង​​ឯក នៅ​ក្នុង​ជើង​ទី១ និង​ចំណាត់ថ្នាក់លេខ៤ នៅ​ក្នុងជើង​ទី២ ព្រម​ទាំង​ពានរង្វាន់​ឯកត្តជនមួយចំនួន​ថែម​ទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​សរសេរសារនៅលើហ្វេសបុក​ថា៖ ជួសមុខ​ឱ្យ​មហាគ្រួសារ​បាល់ទះ​កម្ពុជា ខ្ញុំ​និង​ភរិយា មន្រ្តី​របស់​សហព័ន្ធ មន្រ្តី​របស់​ក្រសួងអប់រំ យុវជន និងកីឡា និង​មន្រ្តី​របស់​គណៈកម្មាធិការជាតិ​អូឡាំពិក គ្រួសារ​កីឡាកម្ពុជា ព្រម​ទាំង​ក្រុមហ៊ុន​ឧបត្ថម្ភ បាន​មក​ទទួល​ដំណើរ​ត្រឡប់​មក​ដល់​មាតុភូមិ​យើង​វិញ របស់​ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ក្រុមការងារគ្រូបង្វឹកនិង​ប្រតិភូ។

ឯកឧត្តមអភិសន្តិបណ្ឌិត បាន​បន្តថា ខ្ញុំ​សូម​ថ្លែង​អំណរគុណដល់​ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រកួតប្រឹងប្រែងប្រកួត​​លើ​ឆាក​អន្តរជាតិ ព្រម​ទាំង​នាំ​យក​ពានរង្វាន់​និង​មេដាយជូន​ជាតិ​មាតុភូមិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​បន្ថែម​ថា ឆ្លៀតក្នុង​ឱកាស​នេះ​ ខ្ញុំក៏សូម​ថ្លែង​អំណរគុណ​ដល់​ពុកម៉ែ​ បងប្អូនទាំងអស់ ដែល​តែងតែ​ចូលរួម​គាំទ្រ​​លើក​ទឹកចិត្ត​ដល់​កីឡាករ​យើង​ នៅ​ទីលាន​ផ្ទាល់ និង​ទស្សនាតាម​ប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។ យើង​រួមសាមគ្គីគ្នា សហការគ្នា​ខ្មែរ​តែមួយ​ជា​បន្ត​ទៀត ដើម្បី​សម្រេច​ក្តីស្រម៉ៃ នាំ​យក​សមទ្ធិផល​លើ​ឆាក​អន្តរជាតិ​ ជូនជាតិ​មាតុភូមិ​យើង នៅ​ថ្ងៃ​អនាគតជា​បន្ត​បន្ទាប់៕

Share.