នៅក្នុង​ការ​ផ្សាយ​មួយ​របស់​សារព័ត៌មាន​ថៃ បាន​លើក​យក​សម្ដី​របស់​អ្នក​កាសែត​ជើងចាស់​ថៃ​ឈ្មោះ វាសនា​ ណានួម ដែល​បាន​លើក​ឡើងថា​ «ផ្នែកសន្តិសុខថៃ​លួចអន់ចិត្តនឹង​ប្រទេសចិន​ ក្រែងចិន ​និង​ថៃ​ជា​បងប្អូ​ន​នឹង​គ្នា ប៉ុន្តែ​ចិន​សម្រេច​ចិត្ត​ជ្រើសរើស​ខាង​គាំទ្រ​អាវុធដល់​កម្ពុជា» ទៅវិញ​។

នៅក្នុង​បទសម្ភាសន៍​រវាង​ស្ត្រីជាអ្នកយកព័ត៌មានជាន់ខ្ពស់ប្រចាំខ្សែត្រៀមកងទ័ពជាមួយ​នឹង​អ្នក​សារព័ត៌មានទូរទស្សន៍ PPTVhd36 ពាក់​ព័ន្ធ​នឹង​ករណី​ដែល​ប្រទេសចិនបានប្រគល់រថក្រោះធុន T-59D ឱ្យទៅប្រទេសកម្ពុជា ស្ត្រី​រូបនេះ​បាន​មើល​ឃើញ និង​វិភាគ​ថា​ ទោះបីជាខាងការទូតរបស់ថៃព្យាយាមរក្សាតុល្យភាព ដោយមិនជ្រើសរើសខាងរវាងចិន ឬសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែនៅក្នុងខ្សែភ្នែករបស់ចិន គេអាចនឹងមើលឃើញថា ថៃគឺជាកូនអុក របស់សហរដ្ឋអាមេរិក ទើបចិនសម្រេចចិត្តចាក់ឆ្នោតជ្រើសរើសគាំទ្រខាងកម្ពុជាយ៉ាងពេញទំហឹងបែបនេះ។

នាង វាសនា បានបន្តទៀតថា ទោះបីជារថក្រោះធុន T-59D ត្រូវបានអភិវឌ្ឍឡើងពីម៉ូដែលចាស់ដែលធ្លាប់រក្សាទុកក្នុងឃ្លាំងក៏ដោយ ប៉ុន្តែមុននឹងប្រគល់ដល់ដៃកម្ពុជា ចិនបានធ្វើការកែលម្អទាំងប្រព័ន្ធបាញ់ឱ្យកាន់តែរហ័សនិងចំគោលដៅ បំពាក់ប្រព័ន្ធឡាស៊ែរ ព្រមទាំងប្រព័ន្ធប្រតិបត្តិការនៅពេលរាត្រីផងដែរ។ ហេតុនេះ វាមិនមែនជាយុទ្ធោបករណ៍ហួសសម័យសម្រាប់យកទៅទម្លាក់ចោលក្នុងសមុទ្រធ្វើជាជម្រកត្រី ឬជារថក្រោះចាស់ជំនាន់លោកតាឡើយ ប៉ុន្តែវាជាអាវុធដែលត្រៀមលក្ខណៈប្រើប្រាស់បានជាក់ស្តែង និងជួយបង្កើនសមត្ថភាពដល់កងទ័ពកម្ពុជា អាចធ្វើជាខែលការពារគ្រោះថ្នាក់ដល់ទាហានកម្ពុជា ហើយក៏អាចបង្កគ្រោះថ្នាក់ដល់កម្លាំងទ័ពថៃបានដូចគ្នា។

ជាមួយគ្នានេះ អង្គភាពសន្តិសុខរបស់ថៃបានដាក់ការសន្និដ្ឋានថា ប្រសិនបើចិន និងកម្ពុជាមានកិច្ចព្រមព្រៀង (Deal) រឿងអាវុធជាមួយគ្នាពិតមែន ក្រៅពីរថក្រោះហើយ តើអាចនឹងមានការគាំទ្រនូវយន្តហោះចម្បាំង ឬយុទ្ធោបករណ៍ទំនើបៗផ្សេងទៀតដែរឬទេ?

ផ្ទុយទៅវិញ ថៃបែរជាទទួលបានអាវុធពីចិនក្នុងទម្រង់ជា «ការជំនួញ» តែប៉ុណ្ណោះ។ ជាក់ស្តែងកន្លងមក ថៃបានបញ្ជាទិញដ្រូនបំពាក់អាវុធ (Armed Drone) ពីចិនតាំងពីអំឡុងខែមករា ឆ្នាំ២០២៥ ប៉ុន្តែត្រូវអូសបន្លាយពេលរហូតដល់ខែវិច្ឆិកា ជាងនេះទៅទៀតនោះ គឺទទួលបានតែតួដ្រូនទទេ ដោយខាងចិនអះអាងថាស្ថិតក្នុងដំណាក់កាលផលិត។ កត្តានេះបានបណ្តាលឱ្យការប្រយុទ្ធគ្នាជាមួយកម្ពុជាលើកទី២ ភាគីថៃត្រូវដោះស្រាយស្ថានការណ៍ចំពោះមុខ ដោយការយកគ្រាប់កាំភ្លើងត្បាល់ (គ.) និងគ្រាប់រ៉ុកកែតដែលមានស្រាប់ មកច្នៃដើម្បីប្រើប្រាស់ជាមួយដ្រូននោះជំនួសវិញ។

ហេតុការណ៍ទាំងនេះ ធ្វើឱ្យជារឿយៗអង្គភាពសន្តិសុខថៃមានអារម្មណ៍តូចចិត្ត និងលួចរអ៊ូថា ក្រែងថាចិននិងថៃជាបងប្អូននឹងគ្នា?” ទាំងដែលថៃខំប្រឹងរក្សាទំនាក់ទំនងនៅចំណុចកណ្តាលរវាងចិន និងសហរដ្ឋអាមេរិក ប៉ុន្តែចិនបែរជាជ្រើសរើសខាងដោយខ្លួនឯងទៅវិញ។

សម្ដីរបស់អ្នកកាសែតរូបនេះ មិនមែនគ្រាន់តែជាការរាយការណ៍ព័ត៌មានធម្មតានោះទេ ប៉ុន្តែវាជា “ការវិភាគបែបបន្ទុះបង្អាប់ និងដាស់អារម្មណ៍ជាតិនិយម បែបជ្រុលនិយម។ ទោះបីជាភាគីថៃ (រដ្ឋាភិបាល) តែងតែចេញមុខបញ្ជាក់ពីទំនាក់ទំនងល្អរវាងថៃ-ចិនយ៉ាងណាក៏ដោយ ប៉ុន្តែការទម្លាយព័ត៌មានផ្ទៃក្នុងរបស់ផ្នែកសន្តិសុខឱ្យ​អ្នក​សារព័ត៌មាន​ដឹងបែបនេះ ភាគីចិនគួរ​តែពិចារណាឡើងវិញ ថា​តើ​ប្រទេសថៃពិតជាមាន​ស្មោះ​ត្រង់​ជាមួយ​នឹង​ចិន​កម្រិត​ណា ព្រោះ​សូម្បីតែ​រឿងផ្ទៃក្នុង ការសម្ងាត់​យោធា ឬការទិញដូរអាវុធ បែរជាត្រូវបាន​អ្នក​កាសែតលើកយកមក​លាតត្រដាង ហើយរិះគន់ប្រទេសចិនជាសាធារណៈ ដែល​ជះឥទ្ធិពលអវិជ្ជមាន​ដល់រូបភាព​ប្រទេសចិន​ក្នុង​ខ្សែភ្នែក​ប្រជាជនថៃ​ដែល​ខ្វះការពិចារណា និងស្វះស្វែងរក​ការពិត។ ជាពិសេស​គឺ​ការ​ដុត​ភ្លើង​ ធ្វើ​ឱ្យ​ស្ថានភាព​នៅតាមបណ្ដោយ​ព្រំដែន​កម្ពុជាថៃកម្ពុជា ផ្នែកយោធាមាន​ភាពតានតឹង និង​ប្រុងប្រយ័ត្នដាក់​គ្នា​កាន់​តែខ្លាំង៕

https://troryorng.com/
Share.