បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់ម៉ូតូ និងសង្ស័យថាអាចជាកម្មសិទ្ធិរបស់ខ្លួន សូមទំនាក់ទំនងទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយភ្ជាប់ឯកសារពាក់ព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងទទួលយកម៉ូតូវិញ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវតាមប្រព័ន្ធ GPS របស់ម៉ូតូមួយគ្រឿងដែលបានបាត់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ រហូតឈានដល់ការរកឃើញទីតាំងសង្ស័យមួយ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ក្រោមការអនុញ្ញាតពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងសមត្ថកិច្ចបានចូលត្រួតពិនិត្យផ្ទះមួយខ្នងដែលបិទទ្វារជិត រកឃើញម៉ូតូចំនួន ២៣គ្រឿង ក្នុងនោះមានម៉ូតូរបស់ជនរងគ្រោះផងដែរ។ ម៉ូតូរបស់ម្ចាស់ដើមត្រូវបានប្រគល់ជូនវិញរួចហើយ ខណៈម៉ូតូចំនួន ២២គ្រឿងផ្សេងទៀត ត្រូវបានយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី និងស្វែងរកម្ចាស់ពិតប្រាកដ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យម្ចាស់ម៉ូតូដែលបានបាត់ មកផ្ទៀងផ្ទាត់ភស្តុតាង និងឯកសារកម្មសិទ្ធិ ដើម្បីទទួលយកទ្រព្យសម្បត្តិរបស់ខ្លួនវិញតាមនីតិវិធីច្បាប់៕

អត្ថបទ÷បន្ទាយមានជ័យ

Share.