កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា អាជ្ញាធរខេត្តនឹងបន្តពង្រឹងវិធានការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនអនុញ្ញាតឱ្យសកម្មភាពទាំងនេះបំផ្លាញអនាគតយុវជន និងប៉ះពាល់ដល់សង្គមជាតិឡើយ។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រ ការកំណត់គោលដៅ និងការត្រួតពិនិត្យជាប្រចាំ បានជួយឱ្យខេត្តកំពង់ចាមមិនមានទីតាំងប្រព្រឹត្តបទល្មើស Online Scams ក្នុងភូមិសាស្ត្រខេត្តនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានត្រៀមខ្លួន និងពង្រាយកម្លាំងតាមគោលដៅសង្ស័យ ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់មុខសញ្ញាពាក់ព័ន្ធបានទាន់ពេលវេលា។អភិបាលខេត្តបានឱ្យដឹងថា កម្លាំងជំនាញបានបង្ក្រាបបទល្មើសចំនួន ៧លើក និងឃាត់ខ្លួនជនជាតិចិនចំនួន ៥៨នាក់ ដែលចូលមកក្នុងខេត្តដោយគ្មានលិខិតឆ្លងដែនស្របច្បាប់ មុនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។

ឯកឧត្តមបន្ថែមថា ក្រោយទទួលបានបទបញ្ជាលេខ០១ និងអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានគ្រប់គ្រងគោលដៅសំខាន់ៗចំនួន ៤០២ទីតាំង និងទីតាំងផ្សេងៗទៀត ៧១៤ទីតាំង ព្រមទាំងអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំ និងបង្ការបទល្មើសបានចំនួន ២,៧៧៦លើក ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។ ៕

អត្ថបទ÷អាចារ្យលាក់

Share.