សេអ៊ូល៖ ព័ត៌មាននៃការឆ្មក់បង្ក្រាបឃ្លាំងស្តុកសារធាតុគីមីផលិតគ្រឿងញៀនជិត ៥០តោន នៅក្នុង និងជុំវិញទីក្រុងបាងកក កាលពីថ្ងៃអង្គារ កន្លងទៅ មិនត្រឹមតែជាជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនោះទេ ប៉ុន្តែវាគឺជាការទះកំផ្លៀងយ៉ាងខ្លាំងទៅលើមុខមាត់ និងប្រសិទ្ធភាពនៃអាជ្ញាធរមានសមត្ថកិច្ចថៃ។ ហេតុការណ៍អសន្តិសុខនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ទឹកដីថៃបានក្លាយជា «ជម្រក និងជាមជ្ឈមណ្ឌលផលិតគ្រឿងញៀនឆ្លងដែនលំដាប់ពិភពលោក» ដោយសារតែភាពធូរលុង និងខ្វះការត្រួតពិនិត្យផ្ទៃក្នុងអស់រយៈពេលរាប់ទសវត្សរ៍។

អ្វីដែលជាចំណុចគួរឱ្យរិះគន់បំផុតនៅក្នុងប្រតិបត្តិការនេះ គឺវត្តមានរបស់មេខ្លោងធំ ឈ្មោះ ថាផាណាន់ (Thapanan) ដែលត្រូវបានគេស្គាល់ថាជា «ស្តេចគ្រឿងញៀនលំដាប់កំពូលម្នាក់ប្រចាំទ្វីបអាស៊ី»។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺនៅពេលដឹងថា ឧក្រិដ្ឋជនរូបនេះមានដីកាចាប់ខ្លួនពីអាជ្ញាធរថៃរហូតដល់ទៅ ៥០ដីកា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែរូបគេនៅតែអាចរស់នៅដោយមានសេរីភាព បញ្ជាការចែកចាយគ្រឿងញៀនបានជាងពាក់កណ្តាលនៃទីផ្សារប្រទេសថៃទាំងមូល និងថែមទាំងអាចបង្កើតឃ្លាំងស្តុកសារធាតុគីមីពុលដល់ទៅ ១០កន្លែងចំកណ្តាលបេះដូងប្រទេសថៃទៀតផង។

តើអាជ្ញាធរថៃ យោធា និងប៉ូលីសក្នុងតំបន់ធ្វើអ្វីខ្លះក្នុងរយៈពេល ១០ឆ្នាំនេះ? តើវាជាភាពទន់ជ្រាយនៃប្រព័ន្ធច្បាប់ ឬមានការបើកដៃនិងអំពើពុករលួយនៅពីក្រោយខ្នង ទើបបណ្តោយឱ្យកាកសំណល់គីមីគ្រោះថ្នាក់ដូចជា អាសេតូន និងអាស៊ីតអ៊ីដ្រូក្លូរីក ជិត ៥០តោន អាចចរាចរណ៍ និងស្តុកទុកយ៉ាងអាណាធិបតេយ្យបែបនេះ?

ប្រសិនបើគ្មានការផ្តល់ព័ត៌មានសម្ងាត់ និងការរុញច្រានដោយផ្ទាល់ពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ទេនោះ ម៉ាស៊ីនផលិតគ្រឿងញៀនដ៏មហិមាសម្របសម្រួលសម្រាប់មនុស្ស ៧០០លាននាក់ប្រើប្រាស់ក្នុងពេលតែមួយនេះ ប្រហែលជានៅតែបន្តដំណើរការដោយរលូន ក្រោមខ្សែភ្នែកងងឹតងងុលរបស់អាជ្ញាធរថៃដដែល។

យ៉ាងណានេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលភ្នាក់ងារចារកម្មកូរ៉េខាងត្បូង (NIS) ត្រូវបង្ខំចិត្តលូកដៃចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការបង្ក្រាបដល់មូលដ្ឋានក្រៅប្រទេស។ ការណ៍ដែលកូរ៉េខាងត្បូងត្រូវបញ្ជូនជំនាញការពិសេសខាងគ្រឿងញៀនមកដល់ទីក្រុងបាងកក ឆ្លុះបញ្ចាំងថា ភាគីអន្តរជាតិហាក់លែងមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពស៊ើបការណ៍ និងការអនុវត្តច្បាប់របស់ថៃ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនឆ្លងដែនដែលកំពុងគំរាមកំហែងដល់សន្តិសុខតំបន់អាស៊ី រួមទាំងទីផ្សារកូរ៉េ និងអូស្ត្រាលីផងដែរ។

បើទោះបីជាប្រតិបត្តិការនេះមានកម្លាំងចម្រុះថៃជាង ១០០នាក់ចូលរួមដើម្បីមុខមាត់ចុងក្រោយក៏ដោយ ប៉ុន្តែឥទ្ធិពល និងតម្លៃទីផ្សារងងឹតរហូតដល់ ៨,៤ទ្រីលានវ៉ុន (ប្រហែល ៥,៥៩ពាន់លានដុល្លារអាមេរិក) នៃសារធាតុគីមីទាំងនេះ បានបង្ហាញពីភាពបរាជ័យយ៉ាងដុនដាបរបស់រដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងព្រំដែន និងការនាំចូលសារធាតុគីមីឧស្សាហកម្ម។

មែនទែនទៅមេរៀនពីទីភ្នាក់ងារ NIS របស់កូរ៉េខាងត្បូង គឺជាការដាស់តឿនយ៉ាងចាស់ដៃដល់រដ្ឋាភិបាលថៃ។ ប្រសិនបើថៃនៅតែបន្តបណ្តោយឱ្យប្រព័ន្ធសន្តិសុខផ្ទៃក្នុងមានភាពធូរលុង អំពើពុករលួយជិះសេះលែងដៃ និងទុកឱ្យដីកាចាប់ខ្លួនមេខ្លោងគ្រឿងញៀនក្លាយជាគ្រាន់តែជាក្រដាសឥតន័យរយៈពេល ១០ឆ្នាំនោះ ថៃនឹងមិនត្រឹមតែបំផ្លាញអនាគតប្រជាជនខ្លួនឯងនោះទេ ប៉ុន្តែនឹងក្លាយជា «មេរោគសង្គម» ដ៏គ្រោះថ្នាក់ដែលនាំចូលភាពវិនាសសកម្មដល់ប្រទេសជិតខាង និងពិភពលោកទាំងមូលមិនចេះចប់មិនចេះហើយឡើយ៕

ប្រភព៖ The Korea Times

Share.