ពោធិ៍សាត់៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះអប់រំ និងផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តនៅតាមដងផ្លូវសាធារណៈ។




ការចុះអនុវត្តការងារនេះ ផ្តោតលើការណែនាំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ រួមមានការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវាត់សុវត្ថិភាព ការបើកបរតាមល្បឿនកំណត់ ការគោរពស្លាកសញ្ញាចរាចរណ៍ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ឬសារធាតុញៀនក្នុងពេលបើកបរ។




ជាមួយគ្នានេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ក៏ដូចជាការដឹកជញ្ជូនទំនិញខុសច្បាប់ និងទំនិញខូចគុណភាព។




សមត្ថកិច្ចបានបញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ និងសហការបង្ការបទល្មើសពីសំណាក់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់នៅក្នុងសង្គម៕
អត្ថបទ÷ពោធិ៍សាត់
