ពោធិ៍សាត់៖ មន្ត្រីឧទ្យានុរក្សនៃគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ សហការជាមួយមន្ទីរបរិស្ថានខេត្តពាក់ព័ន្ធ កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បានចុះល្បាតចំនួន៨៤លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន២០ករណី ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៦។

តាមរបាយការណ៍ បទល្មើសដែលបង្ក្រាបបានរួមមាន បទល្មើសព្រៃឈើ១៣ករណី បទល្មើសសត្វព្រៃ៦ករណី និងការទន្ទ្រានដីព្រៃខុសច្បាប់១ករណី។ ក្រុមការងារបានធ្វើកំណត់ហេតុអញ្ជាតជន១៧ករណី និងកសាងសំណុំរឿងបញ្ជូនទៅមន្ទីរបរិស្ថាន ដើម្បីបន្តនីតិវិធីតុលាការ១ករណី។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតរណាយន្ត១៦គ្រឿង កាំភ្លើងកែច្នៃ៥ដើម អង្គប់ដាក់សត្វ១០អង្គប់ រុះរើជំរុំតង់កៅស៊ូ១០កន្លែង និងដោះលែងសត្វរញីពណ៌ប្រផេះ១ក្បាលទៅក្នុងធម្មជាតិវិញ។

ដោយឡែក នៅទូទាំងប្រទេសក្នុងខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានចុះល្បាត១,២៩០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន១៧៨ករណី ខណៈរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសសរុប៨៩៦ករណី និងឃាត់ខ្លួនជនល្មើស៤៣នាក់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

អត្ថបទ÷កណ្តាល

Share.