ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបន្តជំរុញការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈការប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ឆ្នាំ២០២៦ ក្រោមប្រធានបទ «មួយដំណក់នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាមសង្គ្រោះជីវិត» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុះ មុះសិន អនុប្រធាន ស.ស.យ.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បន្តចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រោះឈាមមួយប្លោកអាចជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់។

ឯកឧត្តមបានបញ្ជាក់ថា ការបរិច្ចាគឈាមមិនត្រឹមជាការផ្តល់ជំនួយដល់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងសាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរផងដែរ។

ទិវានេះក៏ជាឱកាសសម្រាប់ការថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមទាំងអស់ ដែលបានលះបង់ពេលវេលា និងចូលរួមចែករំលែកឈាមដោយគ្មានលក្ខខណ្ឌ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកដទៃ និងរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

Share.