ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានជនជាតិវៀតណាម១នាក់ និងជនជាតិខ្មែរ៥នាក់។

ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំពីអគ្គស្នងការរងនគរបាលជាតិ។ ការស្រាវជ្រាវបានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីមានករណីជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp របស់ជនរងគ្រោះ ហើយប្រើប្រាស់ដើម្បីឆបោកមិត្តភក្តិក្នុងក្រុមជជែក បណ្តាលឱ្យខាតបង់ប្រាក់សរុបជាង ២៥៣,៩៩៩ ដុល្លារអាមេរិក។

តាមការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងការទិញ-លក់គណនីធនាគារជាង២០គណនី ទៅឱ្យបណ្តាញក្រុមឆបោក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយតុលាការបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមមាត្រា៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវផ្តល់ ជួល ឬលក់គណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ឡើយ ដើម្បីជៀសវាងការពាក់ព័ន្ធនឹងបទល្មើស និងការទទួលខុសត្រូវចំពោះមុខច្បាប់៕

Share.