បាត់ដំបង÷ អាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យឃ្លាំងស្តុក ៣ទីតាំងក្នុងភូមិសាស្ត្រក្រុងបាត់ដំបងស្វែងរកទំនិញបង្កកនាំចូលដោយខុសច្បាប់ពីប្រទេសថៃ។

ការអនុវត្តវិធានច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ផេង សិទ្ធី អភិបាលខេត្តបាត់ដំបង ជាប្រធានក្រុមការងងារចុះត្រួតពិនិត្យ ចំណែកកម្លាំងសមត្ថកិច្ចសហការណែនាំដោយ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងសម្របសម្រួលផ្នែកច្បាប់ លោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចជាមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

លទ្ធផលនៃការត្រួតពិនិត្យទាំង ៣ទីតាំងក្នុងក្រុងបាត់ដំបង ខាងលើមិនបានរកឃេីញករណីស្តុកសាច់បង្កកជាផលិតផលដែលមានប្រភពមកពីប្រទេសថៃឡើយ។

ស្របពេលជាមួយគ្នាក្រុមការងារក៏ឆ្លៀតណែនាំដល់ម្ចាស់ទីតាំងទាំងអស់រួមមាន÷ មិនត្រូវនាំចូលទំនិញដែលមានប្រភពមកពីប្រទេសថៃ ឬទំនិញប្រទេសថៃមកចែកចាយបន្ត, ម្ចាស់ទីតាំងត្រូវត្រួតពិនិត្យមើលគុណភាពអនាម័យទំនិញឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសមុនដាក់លក់ចែកចាយទំនិញបន្តទៅដល់អតិថិជន ក្នុងករណីម្ចាស់ទីតាំងមិនស្មោះត្រង់នៅរក្សាទុក និងចែកចាយទំនិញពីប្រទេសថៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ: ដំបងក្រញូង

Share.