កណ្ដាល៖ នៅថ្ងៃទី១២ និងទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញបានចុះបង្ក្រាបឃ្លាំងស្តុកសាច់បង្កកខុសច្បាប់ចំនួន៤ទីតាំង នៅស្រុកមុខកំពូល ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយរកឃើញសាច់បង្កកចំរុះសរុបប្រមាណជាង ៦៨,៧៧៧ គីឡូក្រាម។




ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកបានចាត់តាំងឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ឲ្យសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងខេត្តកណ្តាល។
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះពិនិត្យទីតាំងសង្ស័យចំនួនពីរ រួមមាន៖ ១. ឃ្លាំងស្តុកសាច់បង្កកមានម្ចាស់ឈ្មោះ អើស្លារី ពិនសល់ឡោះ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតនៅភូមិជ្រោយអំពិល ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញសាច់បង្កកចំរុះចំនួន ៨,២០០គីឡូក្រាម។ និងទីតាំង២. ឃ្លាំងស្តុកសាច់បង្កកមានតំណាងឈ្មោះ ស្លេះ រ៉កីយ៉ះ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតនៅភូមិព្រែកឫស្សី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញសាច់បង្កកចំរុះចំនួន ៨,៤៩០គីឡូក្រាម។
ដោយលែកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចកបន្តចុះពិនិត្យនិងបានរកឃើញឃ្លាំងសង្ស័យចំនួនពីរទៀតគឺ ១. ឃ្លាំងស្តុកសាច់បង្កកមានម្ចាស់ឈ្មោះ ចៅ ហ៊ុយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិឬស្សី សង្កាត់ឬស្សី ក្រុងតាខ្មៅ។ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញសាច់បង្កកចំរុះចំនួន ១៣,១០០គីឡូក្រាម។ ២. ឃ្លាំងស្តុកសាច់បង្កករបស់ក្រុមហ៊ុន ស៊ាង មី ជាអិនធើណេសិនណល សឹបផ្លាយឆេន អ៊ឹមផត អិចផត មានទីតាំងនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។ កម្លាំងសមត្ថកិច្ចបានពិនិត្យឃើញសាច់បង្កកចំរុះចំនួន ៣៨,៩៨៧គីឡូក្រាម (ទំនិញនាំចូលពីប្រទេសចិន)។
ក្រោយបញ្ចប់ប្រតិបត្តិការ ក្រុមការងារបានសម្រេចបិទសៀលបណ្តោះអាសន្ននូវឃ្លាំងទាំង៤ខាងលើ ដើម្បីបន្តនីតិវិធីច្បាប់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមអំពីប្រភព និងឯកសារនាំចូលសាច់បង្កកទាំងនេះ៕

