បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់អតីតពលករខ្មែរ យុវជនក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមកចុះឈ្មោះសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីទទួលបានជំនាញច្បាស់លាស់ មានការងារល្អ និងប្រាក់ចំណូលសមរម្យ សំដៅលើកកម្ពស់ជីវភាព និងចាកផុតពីភាពក្រីក្រ។




ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។




ឯកឧត្តម សុខ លូ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈកាន់តែខ្ពស់ ដែលជាឱកាសសម្រាប់យុវជនក្នុងការចាប់យកការសិក្សាជំនាញ ដើម្បីបង្កើនសមត្ថភាព មានមុខរបរ និងប្រាក់ចំណូលសមរម្យ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។




អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ខេត្តបាត់ដំបងមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣ ដែលផ្ដល់ឱកាសសិក្សាដោយមិនបង់ថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រចាំខែ។ សិក្ខាកាមនឹងទទួលបានជំនាញជាក់ស្ដែង អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា ដើម្បីបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ពង្រឹងស្មារតីសាមគ្គីជាតិ និងជឿជាក់លើការដឹកនាំរបស់ Hun Manet នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ដំបងក្រញូង
