រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើគម្រោងបន្ថែមការគាំទ្រដោយកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការលើកកម្ពស់បរិវត្តកម្មអប់រំបច្ចេកទេស ឆ្នាំ២០២៨-២០៣០។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហការី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ ប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពការអនុវត្តគម្រោង «ភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ឆ្នាំ២០២៤-២០២៧» និងបទបង្ហាញស្ដីពីការបន្ថែមកិច្ចព្រមព្រៀងហិរញ្ញវត្ថុលើគម្រោងនេះសម្រាប់ឆ្នាំ២០២៨-២០៣០ រួចមក ភាគីទាំងពីរបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះផលជះដែលគម្រោងសម្រេចបាននាពេលកន្លងមក និងពិនិត្យលើសំណើផែនការសកម្មភាពត្រូវអនុវត្តបន្តសម្រាប់ជំហានបន្ទាប់ ដែលក្នុងនោះនឹងបន្តផ្ដោតលើការលើកកម្ពស់ការអប់រំស្ទែម (STEM) ការបន្តពង្រឹងសមត្ថភាពសិស្ស និងគ្រូលើជំនាញស្ទែម ការបណ្ដុះបណ្ដាលគ្រូឧទ្ទេសបច្ចេកទេសវិជ្ជាជីវៈ គ្រូបច្ចេកទេសតាមសាលា និងពង្រឹងការអនុវត្តកម្មវិធី ការបង្វឹកនិងការណែនាំផ្ទាល់តាមសាលារៀន (Coaching & Mentoring) និងកម្មវិធីផ្ដល់អាហារូបករណ៍។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប (EU) ចំពោះការបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា បង្កើតបាននូវសមិទ្ធផលនិងផលជះជាច្រើន លើការបង្កើនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ការតភ្ជាប់រវាងការអប់រំ និងវិស័យឯកជន សមធម៌ក្នុងការទទួលបានការអប់រំតាមរយៈកម្មវិធីអាហារូបករណ៍។ កម្មវិធី EU-Cambodia Partnership for Educational Transformation (EU CAPET) ឆ្នាំ២០២៤-២០២៧ បានក្លាយជាកាតាលីករ (Catalyst) ក្នុងការបំប្លែងការអប់រំបច្ចេកទេសនៅកម្ពុជា ពីការផ្ដោតលើទ្រឹស្ដីមកជាការអប់រំដែលផ្អែកលើជំនាញ និងការអនុវត្តជាក់ស្ដែង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សជំនាញខ្ពស់ និងផលិតភាពខ្ពស់ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សូមបញ្ជាក់ថា កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ឆ្នាំ២០២៤-២០២៧ គឺជាកម្មវិធីហិរញ្ញប្បទានឥតសំណងដែលគាំទ្រដោយសហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ដើម្បីបង្កើនសមភាពយេនឌ័រក្នុងចំណោមយុវជន និងមនុស្សពេញវ័យនៅកម្ពុជាឱ្យមានសមត្ថភាពនិងបំណិនឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិសម្រាប់រយៈពេលមធ្យម និងវែង។ គម្រោងនេះផ្ដោតលើសូចនាករសំខាន់ៗចំនួន ៦ រួមមាន៖
• បង្កើនឱកាសចូលរៀនដោយមានសមភាពយេនឌ័រនៅកម្រិតមធ្យមសិក្សា (ផ្ដោតលើការផ្ដល់អាហារូបករណ៍ដល់សិស្សមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស)
• កែលម្អកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេស (ផ្ដោតលើបរិស្ថានបៃតង ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងឌីជីថល)
• លើកកម្ពស់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពគ្រូអប់រំបច្ចេកទេស
• បង្កើនសមភាពយេនឌ័រនៃការចូលរៀនមុខវិជ្ជាស្ទែមនៅកម្រិតឧត្តមសិក្សា (ផ្ដោតលើការផ្ដល់អាហារូបករណ៍នៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត)
• បង្កើនលទ្ធភាព និងគុណភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
• បង្កើនគណនេយ្យភាពក្នុងការបំពេញការងារ (ផ្ដោតលើការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម)៕

