ភ្នំពេញ៖ គិតមកទល់ពេលនេះ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលស្ថិតក្រោមការសម្របសម្រួលយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពង្រីកវិសាលភាពខ្លួនយ៉ាងខ្លាំងក្លា ដោយទទួលបានការគាំទ្រ និងការចូលរួមយ៉ាងទូលំទូលាយពីសំណាក់បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា រហូតដល់ទៅជាង ៦០០ ទីតាំង ។

គំនិតផ្តួចផ្តើមថ្នាក់ជាតិនេះ គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងគោលបំណងលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក និងជំរុញការលក់ចេញផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយ។ លើសពីសកម្មភាពពាណិជ្ជកម្ម យុទ្ធនាការនេះបានស្តែងឱ្យឃើញពីការរួមគ្នាបង្ហាញទឹកចិត្តគាំទ្រ ការស្រឡាញ់ចំពោះកសិករ និងផលិតករខ្មែរ ព្រមទាំងការបណ្តុះស្មារតីស្រឡាញ់ជាតិមាតុភូមិយ៉ាងពិតប្រាកដ។
យោងតាមផែនការសកម្មភាពដែលបានរៀបចំឡើង យុទ្ធនាការនេះនឹងត្រូវអនុវត្តជាទៀងទាត់ក្នុងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ ដោយធ្វើឡើងពេញមួយឆ្នាំ។ ការរៀបចំជាប្រចាំបែបនេះ គឺដើម្បីបង្កើតជាវេទិកាដ៏មានឥទ្ធិពល និងមានចីរភាព ក្នុងការដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោនៅលើទីផ្សារទំនើប ដែលកាលពីមុនធ្លាប់តែសម្បូរទៅដោយទំនិញនាំចូល។

ជាងនេះទៅទៀត យន្តការនេះបានបើកឱកាសមាសសម្រាប់ផលិតករក្នុងស្រុក ក្នុងការនាំយកផលិតផលដែលកែច្នៃ និងផលិតដោយប្រជាជនខ្មែរផ្ទាល់ ទៅដាក់លក់នៅលើកងរទេះ និងបញ្ជរនៃបណ្តាផ្សារទំនើប ព្រមទាំងដេប៉ូចែកចាយធំៗទូទាំងប្រទេស។
ភាពជោគជ័យយ៉ាងខ្លាំងក្លានៃយុទ្ធនាការផលិតផលជាតិ #MadeInCambodia នៅតាមបណ្តាផ្សារទំនើប និងម៉ាតទូទាំងប្រទេសនាពេលនេះ គឺជាសក្ខីភាពមិនអាចប្រកែកបាននៃភាពរឹងមាំផ្អែកលើសេដ្ឋកិច្ចជាតិ។ នៅពេលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមសាមគ្គីគ្នាផ្តល់តម្លៃ និងប្រើប្រាស់ «ផលិតផលជាតិ» យើងមិនត្រឹមតែជួយឱ្យសេដ្ឋកិច្ចសង្គមមានចីរភាព និងជួយដល់ជីវភាពរស់នៅរបស់ប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាកសាងមោទកភាពជាតិ ឱ្យកាន់តែឈរជើងបានយ៉ាងរុងរឿងនិងមានកិត្យានុភាពនៅលើឆាកអន្តរជាតិផងដែរ៕

