ក្នុងពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួននៅប្រទេសថៃបានចេញផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាន ដោយចោទប្រកាន់ថាការពង្រឹងវិស័យការពារជាតិ និងការផលិតសម្ភារៈយោធាក្នុងស្រុករបស់កម្ពុជា គឺជាការត្រៀមខ្លួនធ្វើសង្គ្រាម។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ការផលិតសម្ភារៈយោធាក្នុងស្រុក គឺដើម្បីផ្គត់ផ្គង់ ដល់កងកម្លាំងការពារជាតិ ជំនួសការពឹងផ្អែកលើការនាំចូលពីបរទេស មិនមែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ។
ជាដំបូង យើងត្រូវតែយល់ថា ការពង្រឹងសមត្ថភាពការពារជាតិ គឺជាសិទ្ធិដ៏ថ្លៃថ្នូរបស់ប្រទេសអធិបតេយ្យគ្រប់រូប។ កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលយកចិត្តទុកដាក់លើសមត្ថភាពការពារខ្លួននោះទេ។ ប្រទេសនានាជុំវិញពិភពលោក សុទ្ធតែមានគោលនយោបាយផលិត និងទិញសម្ភារៈយោធា ដើម្បីធានាសន្តិសុខជាតិរបស់ខ្លួន។ ការចោទប្រកាន់ថា កម្ពុជាកំពុងត្រៀមធ្វើសង្គ្រាម គឺជាការលាបពណ៌ឱ្យកម្ពុជាសុទ្ធសាធ ដើម្បីញុះញង់ឱ្យមានការភ័យខ្លាចដែលគ្មានមូលដ្ឋានប៉ុណ្ណោះ។
តាមការពិត កម្ពុជាធ្លាប់បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈស្រឡាញ់សន្តិភាព និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។ កងទ័ពកម្ពុជាមិនដែលឆ្លងព្រំដែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ លើកលែងតែបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិដែលបង្ហាញពីការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ ការផលិតសម្ភារៈយោធាក្នុងស្រុក គឺធ្វើឡើងដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនលទ្ធភាពទប់ទល់នឹងបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងមកលើសន្តិសុខជាតិ។ ដូច្នេះ វាជាការត្រៀមការពារខ្លួន មិនមែនត្រៀមឈ្លានពានអ្នកដទៃឡើយ។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលមានស្រាប់ និងយន្តការសន្តិវិធី ដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែនអន្តរជាតិត្រូវ បានគោរព។ ការផ្តួចផ្តើមយន្តការផ្សះផ្សារក្រោមក្របខ័ណ្ឌ UNCLOS ក៏បានបង្ហាញឱ្យឃើញថា កម្ពុជាចង់ស្វែងរក ដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដោយផ្អែកលើមូលដ្ឋានច្បាប់ មិនមែនដោយការប្រើប្រាស់កម្លាំងនោះឡើយ។ ម្យ៉ាងទៀត វាបង្ហាញថា កម្ពុជាជារដ្ឋគោរព និងផ្តល់តម្លៃដល់សណ្តាប់ធ្នាប់ពិភពលោក។
ប្រយោជន៍នៃការដោះស្រាយដោយសន្តិវិធីនេះ គឺធំធេងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ វាធានាថាប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនអាចវិលត្រឡប់ទៅរកជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ផ្ទុយទៅវិញ ប្រសិនបើជម្លោះកើនឡើងទៅជាការប៉ះទង្គិចគ្នា អ្នករងគ្រោះខ្លាំងបំផុតគឺប្រជាពលរដ្ឋស៊ីវិលដែលគ្មានកំហុស។
សូមជម្រាបថា កម្ពុជានៅតែបន្តដើរលើផ្លូវនៃសន្តិភាព ឯករាជ្យ និងការគោរពច្បាប់អន្តរជាតិ។ ការពង្រឹងវិស័យការពារជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងប្រជាពលរដ្ឋរបស់ខ្លួន ដែលជាការអនុវត្តជាសកល មិនមែនជាការបង្ហាញពីចេតនាដែលមិនពិតប្រាកដណាមួយនោះទេ៕

