នៅក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនូវរបាយការណ៍ លទ្ធផលការងារនៃវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដែលសម្រេចបានកន្លងមកចាប់តាំងពីចុងអាណត្តិទី៦ ក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅអាណត្តិទី៧ ដែលក្នុងនោះរួមមាន៖

១. កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ
ក្រសួងបាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលជាកម្មវិធីអាទិភាពមួយរបស់សម្តេចធិបតី ដោយយុវជនគោលដៅអាចចូលរៀនជំនាញដោយមិនបង់ថ្លៃ ហើយក្នុងករណីស្ថិតក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរនៅក្នុងកំឡុងពេលបណ្តុះបណ្តាល។ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ នេះ មានយុវជនជាគោលដៅសរុបប្រមាណជា ២៧ ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈ ដោយក្នុងនោះបណ្តុះបណ្តាលក្រោមក្រសួងចំនួន ២៣ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍជំនាញ SDF ចំនួនប្រមាណ ៤ ម៉ឺននាក់។ ក្នុងរយៈពេលដូចគ្នានេះ ក្រសួងបានបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ ឌីប្លូម៉ា បានចំនួន ៥៨,១៩២ នាក់ និងបរិញ្ញាបត្របច្ចេកទេសចំនួន ៧២,០៣៣ នាក់ ដែលក្នុងនោះសិស្សដែលបានបញ្ចប់ការបណ្តុះបណ្តាលលើសពី ៨៥ ភាគរយ ទទួលបានការងារធ្វើ ឬបង្កើតមុខរបរដោយខ្លួនឯងនៅតាមសហគមន៍។ ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងបានដាក់ចេញនូវវេនសិក្សាចំនួន ៦ វេន គឺវេនមួយថ្ងៃ វេនព្រឹក វេនរសៀល វេនយប់ វេនថ្ងៃសៅរ៍-អាទិត្យ និងវេនថ្ងៃអាទិត្យ ដែលអនុញ្ញាតឱ្យយុវជនគោលដៅ ក៏ដូចជាម្ចាស់សហគ្រាស និងបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ អាចចូលរៀនបានស្របទៅតាមពេលវេលាជាក់ស្តែងរបស់ខ្លួន ដើម្បីបង្កើនជំនាញនិងផ្លាស់ប្តូរជំនាញ ដោយមិនប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងចំណូលគ្រួសារឡើយ។
២. ការចុះឈ្មោះ និងធ្វើតេស្តទទួលស្គាល់ជំនាញដែលមានពីមុន (RPL) សម្រាប់អតីតពលករត្រឡប់ពីប្រទេសថៃ
គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ក្រសួងបានទទួលការចុះឈ្មោះបងប្អូនអតីតពលករមកពីប្រទេសថៃ ដើម្បីត្រៀមធ្វើតេស្តទទួលស្គាល់ជំនាញដែលមានពីមុន (RPL) បានចំនួន ៤,៩១២ នាក់ និងបានធ្វើតេស្តរួចរាល់ចំនួន ៣,៨៨០ នាក់ លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់។ នៅក្នុងយន្តការនេះ រាជរដ្ឋាភិបាលគឺជាអ្នកទទួលរាប់រងលើថ្លៃធ្វើតេស្តទាំងអស់ ដើម្បីឱ្យពួកគាត់មានវិញ្ញាបនបត្របញ្ជាក់ជំនាញត្រឹមត្រូវ សម្រាប់បម្រើការងារនៅក្នុងស្រុក និងការចេញទៅធ្វើការនៅក្រៅប្រទេសកាន់តែមានភាពងាយស្រួល។
៣. ការរៀបចំ និងដាក់ឱ្យដំណើរការថ្នាក់បណ្តុះបណ្តាលជំនាញចល័ត
ក្រសួងបានរៀបចំ និងត្រៀមដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត ដែលជាការបំពាក់សម្ភារឧបករណ៍ស្តង់ដារតាមជំនាញនីមួយៗលើរថយន្តអគ្គិសនី និងមានបំពាក់ផ្ទាំងសូឡានៅលើដំបូលរថយន្ត ដែលអាចឱ្យគ្រឹះស្ថាន TVET នានា ចុះទៅបណ្តុះបណ្តាលជំនាញខ្លីៗទាំងវេនយប់ឬវេនថ្ងៃ ដល់កៀកមាត់ផ្ទះរបស់ប្រជាពលរដ្ឋ ឬនៅតាមវត្ត សាលាឃុំ និងនៅតាមសាលាចំណេះដឹងទូទៅ ដោយមិនមានបញ្ហាកង្វះអគ្គិសនីសម្រាប់រោងជាង ឬការសាកល្បងអនុវត្ត និងមិនពិបាកក្នុងការលើកដាក់ឧបករណ៍បណ្តុះបណ្តាលដូចមុននោះឡើយ។
នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងការងារបានសហការជាមួយក្រុមហ៊ុន ហ្សូ ម៉ូទ័រ (Zo Motors) ផលិតបានថ្នាក់បណ្តុះបណ្តាលជំនាញចល័តចំនួន ៨ គ្រឿង សម្រាប់ជំនាញថែទាំបរិក្ខារត្រជាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្តាញបំពង់ទឹកក្នុងអគារ ការថែទាំជួសជុលរថយន្ត ការជួសជុលម៉ាស៊ីនត្រជាក់ ជំនាញឌីជីថល ធុរកិច្ចភេសជ្ជៈឆុងកាហ្វេនិងទឹកផ្លែឈើ និងសេវាកម្មសម្ផស្សសាឡន។ ក្រោយការអនុវត្តសាកល្បង ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍ នឹងពិចារណាជំរុញការផលិតថ្នាក់បណ្តុះបណ្តាលជំនាញចល័តនេះឱ្យដល់ចំនួន ៤០ រថយន្ត នៅត្រឹមឆ្នាំ២០២៧ និងចំនួន ៥០ រថយន្ត នៅត្រឹមឆ្នាំ២០២៨។
ការដាក់ឱ្យមានថ្នាក់ជំនាញចល័តនេះ គឺការរុញសាលារៀនឱ្យទៅកៀកជាមួយប្រជាពលរដ្ឋ ហើយក៏ធានាថាគ្មានយុវជនឬជនងាយរងគ្រោះណាម្នាក់ត្រូវបានបោះបង់ចោល ដោយសារបញ្ហាភូមិសាស្ត្រ ឬដោយសារពុំមានលទ្ធភាពធ្វើដំណើរនោះឡើយ ព្រោះសម័យសម្តេចតេជោធិបតី គឺជាសម័យកាលមួយដែលសាលារៀនរត់រកមនុស្ស គ្រូនិងជំនាញរត់រកមនុស្ស ដើម្បីមកទទួលការបណ្តុះបណ្តាល។
៤. ការធ្វើទំនើបកម្មគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ
ក្រសួងបានធ្វើទំនើបកម្មគ្រឹះស្ថាន TVET ដោយបានបំពាក់សម្ភារឧបករណ៍ពិសោធន៍ ឧបករណ៍អនុវត្ត និងមានរោងជាងទំនើបផ្សារភ្ជាប់ជាមួយមជ្ឈមណ្ឌលរ៉ូបូត (Robot) ដែលដើរដោយប្រព័ន្ធឌីជីថល ស្របតាមបរិវត្តកម្មឧស្សាហកម្ម ៤.០ និងស្តង់ដារអន្តរជាតិ បានចំនួន ១៣ គ្រឹះស្ថាន ក្នុងនោះនៅរាជតេជោភ្នំពេញចំនួន ៣ គ្រឹះស្ថាន ខេត្តសៀមរាបចំនួន ២ និងនៅខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ក្នុងមួយខេត្តចំនួន ១ គ្រឹះស្ថាន សំដៅបង្កើនភាពទាក់ទាញ ពង្រឹងគុណភាព និងភាពម្ចាស់ការក្នុងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងកម្រិតអភិវឌ្ឍនៃឧស្សាហកម្មថ្មីៗនៅកម្ពុជា។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ មានគ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងសរុបចំនួន ២៦២ គ្រឹះស្ថាន ដែលក្នុងនោះគ្រឹះស្ថានសាធារណៈមានចំនួន ៣៧ គ្រឹះស្ថាន ឯកជនចំនួន ២០១ និងអង្គការសមាគមចំនួន ២៤ ដោយបានផ្តល់ការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ ម៉ឺននាក់ ហើយជាក់ស្តែងបើគិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ នេះ យើងបានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណជា ៧០ ម៉ឺននាក់រួចមកហើយ។
៥. ការសហការអនុវត្តគន្លងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សាទុតិយភូមិ
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក្រសួងបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សាកល្បងអនុវត្តគន្លងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សាទុតិយភូមិ នៅតាមវិទ្យាល័យចំនួន ៤៩ លើជំនាញគណនេយ្យ និងព័ត៌មានវិទ្យា ដែលនេះគឺជាការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ និងប្រព័ន្ធ TVET ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំចំណេះដឹងទូទៅ ជាមួយការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងអនុញ្ញាតឱ្យសិស្សមានជម្រើសកាន់តែទូលំទូលាយក្នុងការជ្រើសរើសគន្លងអប់រំរបស់ខ្លួន។ នៅក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ ក្រសួងទាំងពីរនឹងពង្រីកកម្មវិធីគន្លងវិជ្ជាជីវៈលើជំនាញបច្ចេកទេស នៅវិទ្យាល័យចំនួន ៥ ទៀត ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់រោងចក្រសហគ្រាសដែលនៅក្បែរវិទ្យាល័យទាំងនោះ។
៦. ការកែលម្អវិធីសាស្ត្ររៀន និងវិធីសាស្ត្របង្រៀនតាមទម្រង់ទំនើប
ក្រសួងបានកែលម្អវិធីសាស្ត្ររៀន និងវិធីសាស្ត្របង្រៀន តាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាផ្អែកលើសមត្ថភាព (Competency-based) ផ្អែកលើម៉ូឌុល ផ្អែកលើគម្រោង (Project-based) និងផ្អែកលើការងារ (Work-based) តាមវិធីសាស្ត្ររៀនត្រឡប់ (Dual Training) ដែលអាចរៀននៅសាលាផង កន្លែងធ្វើការងារផង និងរៀនពីចម្ងាយតាមថ្នាលឌីជីថលផងដែរ។ កម្មវិធីសិក្សានឹងត្រូវកំណត់ថ្មីតាមនិយមការថ្មី ដោយតម្រូវឱ្យយកជំនាញបច្ចេកទេសស្មើនឹង ៥៥ ភាគរយ ចំណែកឯជំនាញទន់ ជំនាញឌីជីថល និងជំនាញ AI គឺមានកម្រិត ៤៥ ភាគរយ នៃកម្មវិធីបណ្តុះបណ្តាលសរុប។
៧. ការអភិវឌ្ឍកញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្អែកលើសមត្ថភាព
ក្រសួងបានអភិវឌ្ឍកញ្ចប់ស្តង់ដារបណ្តុះបណ្តាលផ្អែកលើសមត្ថភាព បានចំនួន ២៥៦ គុណវុឌ្ឍិ លើ ១១៦ មុខជំនាញ និងបានអភិវឌ្ឍកញ្ចប់សិក្សាផ្អែកលើសមត្ថភាព បានចំនួន ៣៩៦ ម៉ូឌុល លើ ៦៧ គុណវុឌ្ឍិ លើវិស័យអាទិភាពទាំង ១០ ព្រមទាំងជំនាញអនាម័យនៅកន្លែងផលិតកម្ម ជំនាញកែច្នៃម្ហូបអាហារ និងការកែច្នៃកសិផលយុទ្ធសាស្ត្រ ដូចជាស្វាយចន្ទី និងកៅស៊ូ ដើម្បីគាំទ្រដល់ការកើនឡើងនៃផលិតកម្មក្នុងស្រុក។
៨. ការអនុវត្តកម្មវិធីវឹកវឺនកូនជាងនៅក្នុងវិស័យឯកជន
ក្រសួងបានអនុវត្តកម្មវិធីវឹកវឺនកូនជាង ជាមធ្យមប្រមាណជា ៣ ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នក៏កំពុងបន្តពិភាក្សាជាមួយម្ចាស់រោងចក្រសហគ្រាស និងដៃគូអភិវឌ្ឍនានា ដើម្បីសិក្សាលទ្ធភាពពង្រឹងនិងពង្រីកកម្មវិធីហ្វឹកហ្វឺនកូនជាងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពបត់បែនទៅតាមសំណូមពរជាក់ស្តែងរបស់វិស័យឯកជន ព្រមទាំងធានាបាននូវស្តង់ដារបណ្តុះបណ្តាលដ៏ត្រឹមត្រូវ។
៩. ការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការបង្កើតមជ្ឈមណ្ឌលឯកទេស
ក្រសួងបានពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសភាពាណិជ្ជកម្ម និងសមាគមនិយោជកចំនួន ១៧ ដែលមានសហគ្រាសនិងក្រុមហ៊ុនដៃគូសរុបចំនួន ៥០៧ ក្នុងការផ្តល់ឱកាសចុះហាត់ការ និងការចុះកម្មសិក្សារបស់សិស្ស និងនិស្សិត។ ជាមួយគ្នានេះ ក្រសួងបានបង្កើតមជ្ឈមណ្ឌលសំខាន់ៗរួមមាន ទីមួយ មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia) ដោយសហការជាមួយវិទ្យាស្ថាន Bendigo Kangan Institute មកពីប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia សម្រាប់បណ្តុះបណ្តាលតាំងពីការដំឡើង និងការជួសជុលគ្រឿងយន្ត ដែលពាក់ព័ន្ធនឹងយានយន្ត មកពីអាមេរិក និងទ្វីបអឺរ៉ុប។ ទីពីរ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំរថយន្ត ដោយសហការជាមួយក្រុមហ៊ុន Honda Car Hakata Quality របស់ជប៉ុន។ ទីបី មជ្ឈមណ្ឌលបណ្តុះបណ្តាលតូយ៉ូតា (Toyota Academy) ដោយសហការជាមួយក្រុមហ៊ុន Toyota Tsusho Manufacturing របស់ជប៉ុន។ ទីបួន មជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តអគ្គិសនី ដោយសហការជាមួយក្រុមហ៊ុន BYD Cambodia ដែលនៅពេលឆាប់នេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាណារដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរួមគ្នាធ្វើជាអធិបតីនៃពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន BYD និងក្រសួងការងារ ដើម្បីរៀបចំដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលយានយន្តអគ្គិសនីនេះនៅកម្ពុជា។ តាមរយៈមជ្ឈមណ្ឌលទាំងនេះ នឹងធ្វើឱ្យកម្ពុជាមានភាពម្ចាស់ការលើការបណ្តុះបណ្តាល និងផ្គត់ផ្គង់កម្លាំងពលកម្មជំនាញផ្នែកយានយន្តគ្រប់កម្រិត គ្រប់ប្រភេទទាំងស្រុង ចាប់ពីចុងឆ្នាំ២០២៧ នេះតទៅ ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ហើយក្រសួងការងារនឹងខិតខំសហការជាមួយដៃគូ និងក្រុមហ៊ុនឯកជនបន្ថែមទៀត ដើម្បីធានាភាពម្ចាស់ការក្នុងការផ្គត់ផ្គង់កម្លាំងពលកម្ម ឱ្យស្របទៅតាមតម្រូវការជាក់ស្តែងនៃខ្សែច្រវាក់ផលិតកម្មនីមួយៗ។
នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ក្រសួងក៏ទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការបំពាក់សម្ភារឧបករណ៍ និងកម្មវិធីសិក្សានៅវិទ្យាស្ថានភូមិភាគបច្ចេកទេសខេត្តកំពង់ធំ ដើម្បីដំណើរការវគ្គបណ្តុះបណ្តាល Full Cycle មួយដែលពាក់ព័ន្ធនឹងផលិតកម្មស្វាយចន្ទី សំដៅបង្កើនតម្លៃបន្ថែមដល់ដើមស្វាយចន្ទី និងផលិតផលស្វាយចន្ទីកម្ពុជា ដែលស្របទៅតាមយុទ្ធនាការ និងគោលការណ៍អភិវឌ្ឍន៍វិស័យស្វាយចន្ទីនៅកម្ពុជា។ ទន្ទឹមនឹងនេះ គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក៏បានបង្កើនការបណ្តុះបណ្តាលផ្នែកមេកាត្រូនិក ផ្នែកអេឡិចត្រូនិក ផ្នែកអគ្គិសនី និងរ៉ូបូទិក ជាពិសេសផ្នែកគំនូរឧស្សាហកម្ម ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្ម និងការធ្វើប្រព័ន្ធស្វ័យប្រវត្តកម្មនៅតាមខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រសិប្បកម្មនានា ព្រមទាំងការកែច្នៃកៅស៊ូ និងការវិចខ្ចប់បន្លែផ្លែឈើផងដែរ។
១០. ការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសន្និធិជំនាញ (Skill Inventory Management System)
ក្រសួងបានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសន្និធិជំនាញ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់ទិន្នន័យពាក់ព័ន្ធនឹងកម្លាំងពលកម្មជំនាញដែលមានស្រាប់ដល់អ្នកវិនិយោគ និងក្តាប់នូវតម្រូវការជំនាញពិតប្រាកដ ដែលជាសំណូមពរពីអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជន៕
