ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្តីការក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ព្រមទាំងប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស។

អង្គប្រជុំបានពិនិត្យ និងវាយតម្លៃលើការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ដើម្បីស្វែងយល់ពីលទ្ធផលជាក់ស្តែង បញ្ហាប្រឈម និងចំណុចខ្វះខាតនានា ក្នុងការបង្ការ ស៊ើបអង្កេត និងផ្តន្ទាទោសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ អង្គប្រជុំក៏បានដាក់ចេញនូវដំណោះស្រាយ និងវិធានការចាំបាច់ជាច្រើន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ សំដៅបង្កើនភាពម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងកាត់បន្ថយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចប្រជុំនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា និងទប់ស្កាត់កុំឱ្យបណ្តាញឧក្រិដ្ឋកម្មក្នុងទ្រង់ទ្រាយធំវិលត្រឡប់មកវិញ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ៖ ចតុម្មុខ

Share.