ពីការណាត់ជួបប្រគល់ថ្នាំញៀនដោយផ្ទាល់ មកជាការបញ្ជាទិញតាម Telegram វេរលុយតាមធនាគារ និងផ្ញើតាមក្រុមហ៊ុនបញ្ញើ។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនកំពុងផ្លាស់ប្តូរវិធីសាស្ត្រធ្វើសកម្មភាពកាន់តែទំនើប និងសម្ងាត់ ខណៈសមត្ថកិច្ចខេត្តស្វាយរៀងបង្ហើបថា បទល្មើសប្រភេទនេះមានអង្គការចាត់តាំងច្បាស់លាស់ និងប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍សំខាន់ក្នុងការលាក់បាំងសកម្មភាពខុសច្បាប់។

សូមចុចអាន៖ ប្រតិបត្តិការក្តៅបង្ក្រាប Online Scam នៅស្វាយរៀង បង្ក្រាបបាន ៩២ ទីតាំង ឃាត់ខ្លួនមនុស្សជាង ៤,៦០០ នាក់

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានថ្លែងថា បទល្មើសគ្រឿងញៀនឆ្លងដែននៅបច្ចុប្បន្ន មានលក្ខណៈស្មុគស្មាញជាងមុន ដោយក្រុមឧក្រិដ្ឋជនតែងតែប្រើប្រាស់កលល្បិចថ្មីៗ រក្សាការសម្ងាត់ខ្ពស់ និងមានបណ្តាញចាត់តាំងច្បាស់លាស់ ដើម្បីគេចផុតពីការតាមដានរបស់សមត្ថកិច្ច។

លោកបញ្ជាក់ថា ការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ភាគច្រើនត្រូវបានរៀបចំជាប្រព័ន្ធ មានការកំណត់ពេលវេលា ទីតាំង និងមធ្យោបាយដឹកជញ្ជូនយ៉ាងច្បាស់លាស់។ ក្រុមជួញដូរមានបណ្តាញឃ្លាំមើល និងបែងចែកតួនាទីគ្នាយ៉ាងម៉ត់ចត់ ដែលធ្វើឱ្យការស្រាវជ្រាវ និងបង្ក្រាបមានការលំបាក។

ស្នងការនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា បច្ចុប្បន្នក្រុមឧក្រិដ្ឋជនបានផ្លាស់ប្តូររបៀបធ្វើសកម្មភាពពីការប្រគល់ទំនិញដោយផ្ទាល់ មកជាការទំនាក់ទំនងតាមបណ្តាញសង្គម ដូចជា Telegram និងកម្មវិធីទំនាក់ទំនងផ្សេងៗ វេរប្រាក់តាមប្រព័ន្ធធនាគារ រួចផ្ញើគ្រឿងញៀនតាមក្រុមហ៊ុនបញ្ញើ ដើម្បីបិទបាំងអត្តសញ្ញាណ និងកាត់បន្ថយហានិភ័យនៃការបង្ក្រាប។

លោកបន្តថា គ្រឿងញៀនមួយចំនួនត្រូវបានស្តុកទុក កែច្នៃ និងចែកចាយនៅក្នុងភូមិសាស្ត្រខេត្ត ខណៈមួយចំនួនទៀតត្រូវបានដឹកជញ្ជូនឆ្លងដែនទៅប្រទេសជិតខាង។ ក្រុមជួញដូរតែងប្រើប្រាស់រថយន្តទំនើប បន្ទប់ជួល អគារស្នាក់នៅ កាស៊ីណូ និងទីតាំងបិទជិតផ្សេងៗ ដើម្បីលាក់បាំងសកម្មភាពខុសច្បាប់។

ជាក់ស្តែង សមត្ថកិច្ចធ្លាប់បង្ក្រាបករណីលាក់គ្រឿងញៀនក្នុងគ្រឿងបន្លាស់ម៉ូតូ ដោយជនល្មើសបានដោះសំបកម៉ូតូចេញ រួចបង្កប់គ្រឿងញៀននៅតាមចន្លោះតួម៉ូតូ មុនរៀបចំដឹកជញ្ជូនឆ្លងដែន។ ករណីមួយចំនួន សមត្ថកិច្ចដកហូតគ្រឿងញៀនបានជាង ១០ គីឡូក្រាម ពីម៉ូតូចំនួន ៥ ទៅ ៦ គ្រឿង។

លោក ពេជ្រ វីរៈ បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១៣៣ ករណី ឃាត់ខ្លួនជនសង្ស័យ ២៦៩ នាក់ ក្នុងនោះមានស្ត្រី ២៧ នាក់។​​ ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានជនជាតិវៀតណាម ៨៩ នាក់ ស្ត្រី ១២ នាក់ ជនជាតិចិន ៤ នាក់ និងជនជាតិឥណ្ឌូនេស៊ី ១ នាក់។

ចំពោះវត្ថុតាង សមត្ថកិច្ចដកហូតបានគ្រឿងញៀនសរុបជាង ១០៩ គីឡូក្រាម ក្នុងនោះរួមមាន ហេរ៉ូអ៊ីន ម៉េតំហ្វេតាមីន កេតាមីន អ៊ិចស្តាស៊ី និងកញ្ឆាក្រៀម ព្រមទាំងដកហូតបានជញ្ជីងថ្លឹងថ្នាំញៀន ម៉ូតូ រថយន្ត អាវុធខ្លី ១០ ដើម អាវុធវែង ១ ដើម និងគ្រាប់រំសេវជាច្រើនគ្រាប់។

លោកស្នងការបានអះអាងថា កម្លាំងនគរបាលខេត្តស្វាយរៀង នឹងបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធនាការភូមិ-ឃុំមានសុវត្ថិភាព និងគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល៕

Share.