ស្វាយរៀង៖ លទ្ធផលដ៏ធំធេងក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅខេត្តស្វាយរៀង បានកើតមានឡើងក្រោយការដាក់ចេញវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការជំរុញអនុវត្តដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយគិតមកទល់ពេលនេះ សមត្ថកិច្ចបានបង្ក្រាបសរុប ៨៥ ប្រតិបត្តិការ ស្មើនឹង ៩២ ទីតាំង និងឃាត់ខ្លួនមនុស្ស ៤,៦៣២ នាក់ ក្នុងនោះមានស្ត្រី ៥០១ នាក់ មកពី ២០ សញ្ជាតិផ្សេងៗគ្នា។


សូមចុចអាន៖ សមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញស្កេម រយៈពេល២ថ្ងៃ ឃាត់ខ្លួនជនបរទេស៣៩៨នាក់

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានថ្លែងថា លទ្ធផលខាងលើកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងថ្នាក់ខេត្ត និងអង្គភាពជំនាញថ្នាក់ជាតិ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈកម្មាធិការប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួង-មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយការណែនាំឱ្យបញ្ឈប់សកម្មភាព Online Scam និងបើកឱកាសឱ្យអ្នកពាក់ព័ន្ធចាកចេញដោយស្ម័គ្រចិត្ត ក្រុមការងារចម្រុះរបស់ខេត្ត ដែលមាននគរបាល កងរាជអាវុធហត្ថ និងតំណាងអយ្យការ បានចុះត្រួតពិនិត្យទីតាំងសង្ស័យជាបន្តបន្ទាប់ និងបិទសៀលទីតាំងដែលពាក់ព័ន្ធ។ បន្ទាប់មក ក្រុមការងារថ្នាក់ជាតិដឹកនាំដោយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចុះត្រួតពិនិត្យបន្ថែមលើអគារ និងទីតាំងដែលធ្លាប់មានសកម្មភាពខុសច្បាប់។

ក្រៅពីការបង្ក្រាបជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងក៏បានអនុវត្តវិធានការសំខាន់ៗជាច្រើន រួមមាន ការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ការស្រាវជ្រាវកំណត់ទីតាំងសង្ស័យ ការបង្កើនការល្បាតតាមគោលដៅ ការរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅច្រកចូលចេញសំខាន់ៗក្នុងខេត្ត ២៤ ម៉ោងលើ ២៤ ម៉ោង។

ជាមួយគ្នានេះ ខេត្តស្វាយរៀងក៏បានពង្រឹងកិច្ចសហការជាមួយអាជ្ញាធរវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានសន្តិសុខ និងបទល្មើសឆ្លងដែន ដើម្បីស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនមុខសញ្ញាឧក្រិដ្ឋជនទៅវិញទៅមកស្របតាមនីតិវិធី។ លោក ពេជ្រ វីរៈ បានគូសបញ្ជាក់ថា ទោះបីមានការផ្លាស់ប្តូររចនាសម្ព័ន្ធរដ្ឋបាលនៅភាគីវៀតណាមក៏ដោយ ក៏ទំនាក់ទំនង និងកិច្ចសហការរវាងភាគីទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរ។

ក្នុងនាមជាមេបញ្ជាការកម្លាំងនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានប្ដេជ្ញាចិត្តថា នឹងដឹកនាំកម្លាំងជំនាញបន្តបោសសម្អាតបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ពីភូមិសាស្ត្រខេត្តស្វាយរៀង ដោយមិនឱ្យមានទីតាំង ឬមុខសញ្ញាណាមួយអាចលួចបន្តសកម្មភាពខុសច្បាប់បានឡើយ។ លោកបានអះអាងថា ការបង្ក្រាប Online Scam មិនមែនជាប្រតិបត្តិការមួយគ្រាឡើយ ប៉ុន្តែជាកិច្ចការអាទិភាពដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ៕

Share.