ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន ៥១៤នាក់បន្ថែមទៀត បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ មានជិត ៦២ម៉ឺននាក់ ឬស្មើនឹង ៩៦ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។


បច្ចុប្បន្ន នៅមានពលរដ្ឋចំនួន ២៥,៣១១នាក់ ក្នុងនោះស្ត្រី ១៣,១២៨នាក់ និងកុមារ ៨,៥៤៣នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ។ដោយឡែក សេវាសាធារណៈមួយចំនួននៅតំបន់រងផលប៉ះពាល់នៅតែបន្តផ្អាកដំណើរការ។ ខេត្ត ឧត្តរមានជ័យ មានសាលារៀន ៨កន្លែង និងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ៥កន្លែង នៅបន្តផ្អាក។ ខេត្ត បន្ទាយមានជ័យ មានសាលារៀន ៥កន្លែង និងមណ្ឌលសុខភាព ១កន្លែង បន្តផ្អាក ខណៈខេត្ត ព្រះវិហារ មានសាលារៀន ៧កន្លែង និងមណ្ឌលសុខភាព ២កន្លែង នៅមិនទាន់បើកដំណើរការឡើងវិញ។
ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ថ្មីបន្ថែមអំពីការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជននោះទេ។

ជាមួយគ្នានេះ ក្រសួងបានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើកំណត់ទូតជាថ្មីទៅភាគីថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំរុញឱ្យក្រុមវាស់វែងចម្រុះ (JSTS) បន្តចុះអនុវត្តការងារនៅទីតាំងជាក់ស្តែង ស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមសាមគ្គី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថិរភាពតាមបណ្តោយព្រំដែន។

