កណ្តាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល កំពុងបន្តដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលដាំដុះ ផលិត និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករក្នុងខេត្តកណ្តាល រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១:០០រសៀល នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។




ផ្សារនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំ និងគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ហើយបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន។
ការបង្កើតផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្តល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ក្រុមកសិករផលិត និងសហគមន៍ផលិតកម្មនានា ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារ និងបង្កើនប្រាក់ចំណូលពីការដាំដុះ ចិញ្ចឹម និងកែច្នៃផលិតផលកសិកម្ម។






ជាមួយគ្នានេះ ការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ មិនត្រឹមតែជួយបង្កើនផលិតភាព និងជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ និងផលិតករកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ឱ្យមានប្រាក់ចំណូល និងជីវភាពកាន់តែប្រសើរឡើង។
អាជ្ញាធរ និងអ្នករៀបចំផ្សារ បានអំពាវនាវដល់សាធារណជនចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ ដើម្បីរួមចំណែកលើកស្ទួយកសិករ ផលិតករ និងសិប្បករកម្ពុជា ឱ្យមានភាពរីកចម្រើន និងមានទីផ្សារកាន់តែទូលំទូលាយ។
អត្ថបទ÷កណ្តាល

