ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារ (១៦ មិថុនា) ថា រុស្ស៊ីគួរតែធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ហើយបានបន្ថែមថាលោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្រ្គាម។ នេះបើយោងតាមលទ្ធផលដ៏ល្អប្រសើរនៃការប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងក្រុមមេដឹកនាំប្រទេស G7។

ការិយាល័យព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា លោក ត្រាំ បានកោតសរសើរចំពោះកិច្ចប្រជុំបិទទ្វារជាមួយលោក ហ្សេឡេនស្គី និងមេដឹកនាំប្រទេស G7 កាលពីថ្ងៃអង្គារ ហើយបានបន្ថែមថា លោកនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំអ៊ុយក្រែននៅពេលក្រោយ។

ចំណែកឯលោក ហ្សេឡេនស្គី និងអ្នកការទូតអឺរ៉ុប សង្ឃឹមថានឹងបង្កើតការចាប់អារម្មណ៍ឱ្យលោក ត្រាំ បានឃើញថា ស្ថានភាពរបស់អ៊ុយក្រែនមានភាពល្អប្រសើរឡើងហើយ ខណៈពេលដែលទីក្រុងគៀវកំពុងតែជំរុញឱ្យប្រទេសទទួលបានការគាំទ្រកាន់តែខ្លាំង ដើម្បីពង្រឹងខ្លួនឯងនៅក្នុងការចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូនាពេលអនាគត។

រ៉យទ័របានបញ្ជាក់ថា អ្នកការទូតអឺរ៉ុបសង្ឃឹមថានឹងបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យជឿជាក់ថា ជំហររបស់សហរដ្ឋអាមេរិកកាលពីមុនទាក់ទងនឹងលក្ខខណ្ឌដែលអាចទៅរួចនៃកិច្ចព្រមព្រៀងនោះ គឺផ្តល់ផលប្រយោជន៍ដល់ទីក្រុងម៉ូស្គូច្រើនពេក ជាពិសេសនៅពេលនេះដែលការវាយប្រហារដោយដ្រូនចូលទៅក្នុងទឹកដីរុស្ស៊ីដោយអ៊ុយក្រែន បានជួយឱ្យស្ថានភាពរបស់ភាគីអ៊ុយក្រែនមានភាពល្អប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំលើកនេះ ក្រុម G7 ក៏បានព្យាយាមស្វែងរកផ្លូវជ្រើសរើសផ្សេងទៀត ដើម្បីជៀសវាងសមុទ្រតូចហ័រមុស (Strait of Hormuz) ដែលត្រូវបានអ៊ីរ៉ង់បិទខ្ទប់ភាគច្រើន ចាប់តាំងពីត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារកាលពីចុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានសម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម លោក ត្រាំ បានថ្លែងថា សមុទ្រតូចនេះនឹង «បើកដំណើរការទាំងស្រុង» នៅថ្ងៃសុក្រ ទី ១៩ មិថុនា។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានបន្ថែមស្តីពីកិច្ចប្រជុំនេះ នៅតែត្រូវរង់ចាំតាមដានបន្តទៀត។

