ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងមួយកន្លែងសង្ស័យត្រៀមបើកប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឃាត់ខ្លួនមនុស្ស ៣នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិកមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្ទះលេខ២២៨ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមានជនជាតិចិន ១នាក់ និងជនជាតិខ្មែរ ២នាក់ ព្រមទាំងរកឃើញសម្ភារៈដែលសង្ស័យពាក់ព័ន្ធនឹងការត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ រួមមាន ទូរស័ព្ទដៃចំនួន ៦៨២គ្រឿង កុំព្យូទ័រ All-in-One ចំនួន ៦២គ្រឿង Monitor ចំនួន ២៦គ្រឿង កុំព្យូទ័រយួរដៃ ៥គ្រឿង និង CPU ចំនួន ៩គ្រឿង។

ក្រោយការបង្ក្រាប ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។ប្រតិបត្តិការនេះ ស្ថិតក្នុងយុទ្ធនាការបន្តរបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមមួយដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

អត្ថបទ៖ សេង សាវី

