កាល​ពីព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ នេះ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត ​នាយករដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេស​រុស្សី។

យោងតាម​ការ​ផ្សាយ​ពីសារព័ត៌មាន​បរទេស​ កិច្ចប្រជុំលើកនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ីនាពេលខាងមុខ។ ដោយការប្រជុំត្រូវបានបែងចែកជា ២ ផ្នែកចម្បងៗ រួមមាន៖ កិច្ចប្រជុំពេញអង្គ (Plenary Session) ដើម្បីពិភាក្សាលើបញ្ហាកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ព្រមទាំងទិសដៅនៃទំនាក់ទំនងអាស៊ាន-រុស្សីនាពេលខាងមុខ និងការពិភាក្សាក្នុងអំឡុងពេលអាហារថ្ងៃត្រង់ (Working Lunch) ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការប្រើប្រាស់សក្តានុពលនៃតំបន់អាស៊ាន និងអឺរ៉ាស៊ី (Eurasia) ដោយមានតំណាងមកពីអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសហព័ន្ធរុស្សីចូលរួមផងដែរ។

សម្រាប់ថ្ងៃ ១៧ មិថុនា ២០២៦ នេះ គឺមាន​វេទិកាធុរកិច្ចអាស៊ាន-រុស្សី (ASEAN-Russia Business Forum) ដែលជាវេទិកាកិច្ចប្រជុំធុរកិច្ចរវាងរុស្ស៊ី និងអាស៊ាន មុនពេលចូលរួមពិធីជប់លៀងអាហារពេលល្ងាចដើម្បីជាកិត្តិយសដល់មេដឹកនាំ (Gala Dinner) និងទស្សនាការសម្ដែងវប្បធម៌ ដែលជាសកម្មភាពដ៏សំខាន់មុនពេលកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី សម័យពិសេស នៅថ្ងៃបន្ទាប់។

នៅថ្ងៃទី ១៨ មិថុនា ២០២៦ នាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងពិធីថតរូបរួមគ្នារបស់មេដឹកនាំ មុនពេលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី សម័យពិសេស បន្ទាប់មកទៀត នឹងមាន​ការ​អនុម័តលើឯកសារលទ្ធផលនៃកិច្ចប្រជុំចំនួន ៤ ច្បាប់។

ក្រៅពីនេះ មេដឹកនាំ​កំពូល​នៃ​បណ្ដា​ប្រទេស​នីមួយៗ​ នឹងចូលរួមការពិភាក្សាក្នុងអំឡុងពេលអាហារថ្ងៃត្រង់ (Working Lunch) រួមជាមួយមេដឹកនាំអាស៊ាន រុស្ស៊ី និងតំណាងមកពីអង្គការសេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការបណ្តុះបណ្តាល និងពង្រឹងការតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន និងតំបន់អឺរ៉ាស៊ី ព្រមទាំងស្វែងរកឱកាសថ្មីៗក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ថាមពល បច្ចេកវិទ្យា និងសន្តិសុខស្បៀងផងដែរ៕

https://troryorng.com/
Share.