ស្វាយរៀង៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអះអាងថា កម្លាំងនគរបាលខេត្តកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាក្មេងទំនើង តាមរយៈការផ្សព្វផ្សាយអប់រំ ការល្បាតបង្ការ និងការអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង។
លោកស្នងការបានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងចំនួន ៤៦លើក ដោយឃាត់ខ្លួនបាន ២១២នាក់ ក្នុងនោះមានស្ត្រី ៦នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពអុកឡុកសង្គម វាយតប់គ្នា បង្ហោះម៉ូតូ និងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋ។

អនុវត្តទាំងការអប់រំ និងវិធានការច្បាប់
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា សមត្ថកិច្ចបានអនុវត្តទាំងវិធានការអប់រំ និងវិធានការច្បាប់ទៅលើក្រុមក្មេងទំនើង ដោយផ្អែកលើសភាពជាក់ស្តែងនៃបទល្មើស។
ក្នុងចំណោមករណីដែលបានបង្ក្រាប មាន ២៩ករណី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធជនសង្ស័យ ១៣៣នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ដោយសារបានប្រព្រឹត្តអំពើហិង្សា និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ដោយឡែក ១៧ករណី ផ្សេងទៀត ដែលពាក់ព័ន្ធមនុស្ស ៧៩នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ត្រូវបានអនុវត្តវិធានការអប់រំ ដោយអញ្ជើញអាណាព្យាបាលមកទទួលខុសត្រូវ និងបន្តអប់រំនៅតាមគ្រួសារ។
លោកបន្តថា ចំពោះករណីបង្ហោះម៉ូតូ និងបង្កភាពអនាធិបតេយ្យលើដងផ្លូវ សមត្ថកិច្ចបានអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយ ដកហូតម៉ូតូទុករយៈពេល ៣ខែ។
សូមចុចអាន៖ ប្រតិបត្តិការក្តៅបង្ក្រាប Online Scam នៅស្វាយរៀង បង្ក្រាបបាន ៩២ ទីតាំង ឃាត់ខ្លួនមនុស្សជាង ៤,៦០០ នាក់



អនុវត្តច្បាប់ស្មើភាព មិនថាកូនអ្នកធំ ឬអ្នកតូច
ពាក់ព័ន្ធនឹងការអន្តរាគមន៍ពីអ្នកមានអំណាច ឬអ្នកមានឥទ្ធិពល លោកស្នងការបានអះអាងថា សមត្ថកិច្ចនៅតែប្រកាន់ខ្ជាប់គោលការណ៍អនុវត្តច្បាប់ដោយស្មើភាព។
លោកបញ្ជាក់ថា មិនថាជាកូនអ្នកធំ ឬអ្នកមានឋានៈប៉ុណ្ណានោះទេ ប្រសិនបើប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគ្នា ដោយគ្មានការលើកលែងឡើយ។
សូមចុចអាន៖ ពលរដ្ឋភៀសសឹកជិត ៩៦% បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈសាលារៀន និងមណ្ឌលសុខភាពមួយចំនួននៅតែផ្អាកដំណើរការ

រូបតំណាង
ពង្រឹងការល្បាតនៅទីប្រជុំជន និងតំបន់រោងចក្រ
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានឱ្យដឹងទៀតថា ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដាក់ចេញវិធានការល្បាតចល័តជាប្រចាំនៅតាមទីប្រជុំជន តំបន់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្ការ និងទប់ស្កាត់ការប្រមូលផ្តុំរបស់ក្រុមក្មេងទំនើង។
ជាពិសេស ថ្មីៗនេះ ស្នងការដ្ឋានបានទទួលម៉ូតូអគ្គិសនីចំនួន ១០០គ្រឿង ជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវបានបែងចែកទៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកនានា ដើម្បីជួយសម្រួលដល់ការល្បាត និងអន្តរាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។



គ្រួសារ គ្រឿងញៀន និងបណ្តាញសង្គម ជាកត្តាជំរុញក្មេងទំនើង
លោកស្នងការបានលើកឡើងថា បញ្ហាគ្រួសារ គឺជាមូលហេតុសំខាន់មួយដែលជំរុញឱ្យយុវជនខ្លះធ្លាក់ខ្លួនចូលក្នុងសកម្មភាពក្មេងទំនើង។ ករណីខ្លះ អាណាព្យាបាលមិនមានពេលគ្រប់គ្រងកូនចៅ ខណៈគ្រួសារមួយចំនួនទៀតជួបបញ្ហាបែកបាក់ ធ្វើឱ្យកុមារ និងយុវជនខ្វះការណែនាំ។
លោកក៏បានគូសបញ្ជាក់ផងដែរថា ការប្រើប្រាស់គ្រឿងញៀន និងឥទ្ធិពលអវិជ្ជមានពីបណ្តាញសង្គមដូចជា Telegram, Messenger និង TikTok បានក្លាយជាកត្តាជំរុញឱ្យក្រុមយុវជនមួយចំនួនបង្កើតក្រុម ឌឺដងគ្នា ណាត់ជួបវាយតប់គ្នា និងប្រព្រឹត្តអំពើហិង្សា។

ជំរុញដំណោះស្រាយរយៈពេលវែង តាមរយៈសាលារៀន និងសហគមន៍
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាក្មេងទំនើងមិនអាចពឹងផ្អែកតែលើការបង្ក្រាបនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រួសារ សាលារៀន សហគមន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់។
លោកបានស្នើឱ្យពង្រឹងការអប់រំសីលធម៌ ការយល់ដឹងអំពីច្បាប់ ការបង្កើតក្លឹបកីឡា ក្លឹបសិល្បៈ និងសកម្មភាពស្ម័គ្រចិត្តផ្សេងៗ ដើម្បីបង្វែរយុវជនឱ្យចូលរួមក្នុងសកម្មភាពវិជ្ជមាន។
ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ព័ត៌មានជាសម្ងាត់ទៅសមត្ថកិច្ច នៅពេលប្រទះឃើញសកម្មភាពមិនប្រក្រតី ដើម្បីរួមគ្នាការពារ និងលុបបំបាត់បញ្ហាក្មេងទំនើងនៅក្នុងសហគមន៍។
លោកស្នងការបានបញ្ជាក់ថា ការទប់ស្កាត់ក្មេងទំនើង គឺជាការងាររួមរបស់សង្គមទាំងមូល ហើយការចូលរួមពីអាណាព្យាបាល សាលារៀន អាជ្ញាធរ និងប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការកសាងយុវជនឱ្យក្លាយជាធនធានមនុស្សល្អសម្រាប់អនាគតប្រទេសជាតិ។

ការបង្ក្រាបក្មេងទំនើងបានក្លាយជាយុទ្ធនាការថ្នាក់ជាតិ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង និងបទល្មើសដែលបង្កអសន្តិសុខសង្គម។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ និងចេញការណែនាំឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទូទាំងប្រទេស ពង្រឹងការបង្ការ ការអប់រំ និងការអនុវត្តច្បាប់ដោយមិនមានការលើកលែង។ ជាពិសេស ក្រសួងមហាផ្ទៃបានណែនាំឱ្យអនុវត្តវិធានការអប់រំចំពោះករណីស្រាល និងចាត់វិធានការផ្លូវច្បាប់ចំពោះជនដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ខណៈអ្នកបង្ហោះម៉ូតូ ឬបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ត្រូវប្រឈមការដកហូតមធ្យោបាយ និងទទួលខុសត្រូវតាមច្បាប់។ ក្រោមវិធានការនេះ ករណីក្មេងទំនើងនៅតាមបណ្តារាជធានី-ខេត្តជាច្រើន ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ហើយអាជ្ញាធរក៏កំពុងជំរុញការចូលរួមពីគ្រួសារ សាលារៀន និងសហគមន៍ ដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេលវែង។
