ពោធិ៍សាត់៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់អូរទី១ និងអូរទី២ ស្ថិតក្នុងភូមិកោះ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្តែងក្តីរីករាយ និងភាពធូរស្រាលក្នុងចិត្ត ក្រោយអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ បានជួយរៀបចំដំណោះស្រាយអនុញ្ញាតឱ្យពួកគាត់បន្តរស់នៅ និងអាស្រ័យផលលើដីដែលធ្លាប់កាន់កាប់កន្លងមក ដោយមានការគ្រប់គ្រងច្បាស់លាស់ និងស្របតាមការរៀបចំរបស់រដ្ឋ។


លោក សាន ចន្ធី មេឃុំប្រម៉ោយ បានឱ្យដឹងថា តំបន់ខាងលើស្ថិតក្នុងដែនគ្រប់គ្រងរបស់ស្ថាប័នបរិស្ថាន ហើយកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានចូលទៅរានដី និងកាន់កាប់ដោយខុសច្បាប់។ បន្ទាប់ពីមានការពិនិត្យ និងវាយតម្លៃជាក់ស្តែងពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ក្រុមការងារបានសម្របសម្រួលរៀបចំជាតំបន់រស់នៅថ្មីមួយ ដែលមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងត្រឹមត្រូវ។
ការរៀបចំនេះ បានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋរស់នៅជាបណ្តុំ មានផ្លូវចេញចូលងាយស្រួល និងអាចប្រកបរបរកសិកម្មអាស្រ័យផលបានដោយមិនមានការព្រួយបារម្ភពីបញ្ហាផ្លូវច្បាប់ដូចកាលពីមុន។ ជាមួយគ្នានេះ អាជ្ញាធរក៏បានត្រៀមផ្ទៃដីប្រមាណ ៤០ហិកតា សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
លោក ម៉ម គឹមហេង មេភូមិកោះ បានបញ្ជាក់ថា ការរៀបចំលំនៅឋាន និងដីអាស្រ័យផលជូនប្រជាពលរដ្ឋ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងដាំដុះដំណាំផ្សេងៗដូចជា ដំឡូងមី ចេក បន្លែ និងដំណាំកសិឧស្សាហកម្ម ដែលកំពុងផ្តល់ផល និងជាប្រភពចំណូលសម្រាប់គ្រួសារ។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ និងក្រុមការងារដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាព និងលំនៅឋាន ជួយឱ្យពួកគាត់មានឱកាសរស់នៅដោយសុខសាន្ត និងអាចប្រកបរបរចិញ្ចឹមជីវិតបានប្រសើរជាងមុន។
ការរៀបចំនេះ ត្រូវបានចាត់ទុកថាជាដំណោះស្រាយមួយដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការរស់នៅអនាធិបតេយ្យ និងពង្រឹងការគ្រប់គ្រងធនធានដីធ្លីឱ្យមានប្រសិទ្ធភាព និងចីរភាព៕
អត្ថបទ÷ពោធិ៍សាត់

