ភ្នំពេញ — ក្រសួងមហាផ្ទៃកម្ពុជាបានចេញមុខបំភ្លឺ និងបង្ហាញពីជំហរ ជុំវិញវិធានការទណ្ឌកម្មចុងក្រោយបង្អស់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានដាក់គោលដៅលើបុគ្គល និងអង្គភាពនានាដែលសង្ស័យថាមានទំនាក់ទំនងនឹងសម្ព័ន្ធក្រុមហ៊ុន Prince Group។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ(សុឃៈ) បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តយុទ្ធនាការបង្ក្រាបនិងបោសសំអាតបទល្មើសបច្ចេកវិទ្យា និងការលាងលុយកខ្វក់យ៉ាងសកម្ម តាមរយៈកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយស្ថាប័នអន្តរជាតិ រួមទាំងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកផងដែរ។

ជុំវិញបញ្ជីឈ្មោះក្រុមហ៊ុនចំនួន ២៦ ដែលរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃអង្គារកន្លងទៅ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ពន្យល់ ថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានតែធនាគារមួយប៉ុណ្ណោះមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា គេនៅមិនទាន់អាចប្រាកដប្រជាឡើយថា តើក្រុមហ៊ុនទាំងនោះបានធ្វើសកម្មភាពល្មើសច្បាប់ និងប្រព្រឹត្តសកម្មភាពល្មើសនៅលើទឹកដីនៃប្រទេសណាខ្លះនោះទេ។
ទាក់ទងនឹងក្រុមបុគ្គលដែលអាមេរិកបញ្ជាក់ឈ្មោះក្នុងរបាយការណ៍ លោកទូច សុខៈ(សុឃៈ) បានបញ្ជាក់ថា មានបុគ្គលមួយចំនួនក្នុងចំណោមនោះត្រូវបានចាប់ខ្លួននៅក្នុងប្រទេសផ្សេងៗគ្នារួចរាល់ហើយ ដោយសារតែពួកគេបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសសាមីទាំងនោះ។


ដោយឡែក សម្រាប់ទិដ្ឋភាពរួមនៅក្នុងប្រទេសកម្ពុជា លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា នីតិវិធី និងការងារជំនាញស៊ើបអង្កេតកំពុងតែបន្តធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែមិនអាចបើកចំហជាសាធារណៈបានឡើយ៖
«ជាទូទៅ យើងបន្តនីតិវិធី និងអនុវត្តការងារជំនាញសម្ងាត់លើមុខសញ្ញាផ្សេងៗទៀត ដោយបាននិងកំពុងសហការជាមួយ FBI យ៉ាងស្អិតរមួត ស្របតាមគោលការណ៍សមភាពរដ្ឋ ដែលយើងមិនអាចអត្តនោម័តថាពួកគេប្រព្រឹត្តបទល្មើសលើ ឬនៅប្រទេសណាខ្លះនោះទេ។ យ៉ាងណា ការស៊ើបអង្កេតពុំអាចបើកចំហឡើយ ដោយលទ្ធផលដូចបានឃើញកន្លងមក គឺនឹងបង្ហាញនៅពេលដែលយើងចាប់ខ្លួនឧក្រិដ្ឋជនទាំងខ្មែរ និងបរទេស បញ្ជូនទៅកាន់តុលាការ។» លោកទូច សុខៈ (សុឃៈ) បានបន្ថែមទៀតថា ជារឿយៗនៅពេលដែលកម្ពុជាបង្ក្រាបនិងចាប់ខ្លួនបានឧក្រិដ្ឋជនបរទេសធំៗ អាជ្ញាធរតែងតែចាត់វិធានការបញ្ជូនពួកគេទៅកាន់ប្រទេសស្នើសុំ ស្របទៅតាមគោលការណ៍ច្បាប់បត្យាប័ន។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃក៏បានច្រានចោលទាំងស្រុងចំពោះការរិះគន់មួយចំនួន ដែលលើកឡើងថា យុទ្ធនាការបង្ក្រាបបទល្មើសបោកប្រាស់តាមអ៊ីនធឺណិត និងការជួញដូរមនុស្សនៅកម្ពុជានាឆ្នាំនេះ មិនមានប្រសិទ្ធភាព ឬទទួលបរាជ័យ។ អ្នកនាំពាក្យរងរូបនេះ បានចាត់ទុកការវាយតម្លៃបែបនេះថាជា «ការមើលមិនសព្វជ្រុងជ្រោយ» ដែលអាចបង្កជាការបង្អាក់ទឹកចិត្តដល់សមត្ថកិច្ច និងធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាប្រទេសជាច្រើន ដែលកំពុងតែចាប់ដៃសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។
ដើម្បីបង្ហាញជាភស្តុតាងតបទៅនឹងការរិះគន់ អ្នកនាំពាក្យរូបនេះបានលាតត្រដាងពីលទ្ធផលផ្លែផ្កាដ៏ធំធេងដែលកម្ពុជាសម្រេចបាន តាមរយៈកិច្ចសហការជាមួយភាគីបរទេសនាពេលកន្លងមក ដូចខាងក្រោម៖
- ទីមួយ៖ អាជ្ញាធរបានស៊ើបអង្កេតរកឃើញ បង្ក្រាប និងបិទទីតាំងលបលួចប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាចំនួនរាប់រយអគារ/កន្លែង។
- ទីពីរ៖ មនុស្សរាប់សិបម៉ឺននាក់ត្រូវបានសង្គ្រោះ ចិញ្ចឹមបីបាច់ សម្របសម្រួល និងគាំទ្រដោយមធ្យោបាយផ្សេងៗ ដើម្បីបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដោយសុវត្ថិភាព។
- ទីបី៖ អាជ្ញាធរកម្ពុជាបានធ្វើការញែក និងកំណត់អត្តសញ្ញាណជនល្មើសបានរាប់រយនាក់ រួចបញ្ជូនទៅកាន់តុលាការកម្ពុជា ក៏ដូចជាធ្វើបត្យាប័នបញ្ជូនទៅកាន់ប្រទេសសាមី ដើម្បីបន្តអនុវត្តច្បាប់ទៅតាមទោសកំហុសរៀងៗខ្លួន។

ការបំភ្លឺយ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃនៅពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកម្ទេចឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនព្រងើយកន្តើយឡើយ ប៉ុន្តែត្រូវធ្វើឡើងដោយភាពហ្មត់ចត់ ផ្អែកលើកិច្ចសហការអន្តរជាតិ និងរក្សាការសម្ងាត់ក្នុងកិច្ចប្រតិបត្តិការដើម្បីធានាឱ្យបានប្រសិទ្ធភាពជោគជ័យ៕

