កំពង់ចាម៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ នៅឃុំស្តើងជ័យ និងឃុំត្រពាំងគរ ស្រុកជើងព្រៃ។

ការចុះអន្តរាគមន៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ស្រី សុភ័ក្រ្ត លេខាធិការគណៈកម្មាធិការសាខា តំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមជាមួយថ្នាក់ដឹកនាំសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង បានបង្កឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង នៅភូមិសង្កែ និងភូមិស្អាង រងការខូចខាត ដោយរបើកស័ង្កសី និងក្បឿង។

ក្នុងនោះ រងផលប៉ះពាល់កម្រិតមធ្យម ៥គ្រួសារ និងកម្រិតស្រាល ១គ្រួសារ។ក្នុងឱកាសនោះ ឯកឧត្តម ស្រី សុភ័ក្រ្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដោយបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា និងមិនទុកនរណាម្នាក់ចោល»។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សា ជាពិសេសពេលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។សម្រាប់ការជួយសង្គ្រោះលើកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានផ្តល់ថវិកាជូនគ្រួសាររងគ្រោះសម្រាប់ជួសជុល និងស្តារលំនៅឋានឡើងវិញ តាមកម្រិតនៃការខូចខាត ដោយក្នុងមួយគ្រួសារទទួលបានថវិកាពី ១០ម៉ឺនរៀល ដល់ ១៥ម៉ឺនរៀល៕

https://troryorng.com/
Share.