យោងតាមការផ្សាយរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានឱ្យដឹងថា ការិយាល័យមួយនេះនឹងផ្ដល់ប្រាក់រង្វាន់រហូតដល់ ១៥០,០០០ ដុល្លារអាមេរិក ការផ្ដល់ដំណឹង និងទីតាំងរបស់ស្ដ្រី Emylee Thai បោកលុយជិត ១០០ លានដុល្លារ រួចរត់គេចខ្លួនទៅប្រទេសវៀតណាម ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសពីបទឧក្រិដ្ឋបន្លំការបោកប្រាស់ផ្នែកសុខាភិបាល។

ផ្អែកតាមដីកាចោទប្រកាន់កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ស្រ្តីឈ្មោះ Emylee Thai ដែលជាម្ចាស់មន្ទីរពិសោធន៍មួយរូប ត្រូវបានចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តអំពើបន្លំការថែទាំសុខភាព និងបានសមគំនិតបោកប្រាស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រមទាំងការផ្តល់ ហើយទទួលសំណូក នៅក្នុងកម្មវិធីថែទាំសុខភាពរបស់រដ្ឋាភិបាលសហព័ន្ធ។

តាមការស៊ើបអង្កេតបានឱ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ ២០១៩ មក ស្រ្តីរូបនេះបានសហការជាមួយក្រុមអ្នកទីផ្សារ ដើម្បីស្វែងរកការបញ្ជាទិញពីគ្រូពេទ្យ និងគំរូ DNA របស់អ្នកទទួលផលពីកម្មវិធីធានារ៉ាប់រងសុខភិបាល Medicare ដើម្បីយកមកធ្វើតេស្តហ្សែន ដែលជាថ្នូរនឹងការទទួលបានភាគរយនៃប្រាក់សំណង។

ការធ្វើតេស្តទាំងនោះត្រូវបានរកឃើញថា មិនមានតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រនោះទេ ហើយភាគច្រើនក៏មិនត្រូវបានយកទៅប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺឡើយ ប៉ុន្តែកម្មវិធី Medicare ត្រូវរ៉ាប់រងការចំណាយអស់រាប់ពាន់ដុល្លារក្នុងម្នាក់ៗ។ ក្នុងអំឡុងពេលនោះ មន្ទីរពិសោធន៍របស់នាង Emylee Thai បានកាត់លុយពីកម្មវិធី Medicare អស់ប្រហែល ១៤២ លានដុល្លារ និងទទួលបានប្រាក់ទូទាត់ជាក់ស្តែងប្រមាណ ៩៥ លានដុល្លារ។

ក្រោយការចាប់ខ្លួនជាលើកដំបូង នាង Emylee Thai ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមលក្ខខណ្ឌតឹងរ៉ឹងជាច្រើន រួមទាំងការតម្រូវឱ្យពាក់ឧបករណ៍តាមដានទីតាំង (GPS) ផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ឧបករណ៍តាមដានរបស់នាងត្រូវបានដកចេញ ហើយអាជ្ញាធរមិនអាចទាក់ទង ឬស្វែងរកទីតាំងរបស់នាងបានឡើយ។

លុះដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ ដីកាចាប់ខ្លួនជាសហព័ន្ធមួយត្រូវបានចេញដោយតុលាការសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋតិចសាស់ ក្រុង Houston ពីបទ «បំផ្លិចបំផ្លាញឧបករណ៍ GPS»។ តាមរយៈការស៊ើបអង្កេតយ៉ាងដិតដល់ ប៉ូលីសអាមេរិកបានរកឃើញថា ស្រ្តីរូបនេះបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ រួចលួចភៀសខ្លួនចេញពីសហរដ្ឋអាមេរិកតាមរយៈយន្តហោះឯកជនមួយគ្រឿង សំដៅទៅកាន់ប្រទេសវៀតណាម។

មិនទាន់អស់ត្រឹមនោះទេ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ តុលាការសហព័ន្ធដដែលនេះ ក៏បានចេញដីកាចាប់ខ្លួននាងមួយបន្ថែមទៀត ក្រោមបទចោទប្រកាន់ថ្មីគឺ ការបំផ្លិចបំផ្លាញ និងកែប្រែកំណត់ត្រា ឬឯកសារនៅក្នុងការស៊ើបអង្កេតរបស់សហព័ន្ធ។

បច្ចុប្បន្នការិយាល័យ FBI កំពុងជម្រុញឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេស ផ្ដល់តម្រុយ ឬព័ត៌មានជាក់លាក់ពីទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ Emylee Thai ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត និងដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

Share.