ព្រះសីហនុ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះសីហនុ បានបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយចុះឆែកឆេរទីតាំងរីសតមួយកន្លែងក្នុងក្រុងព្រះសីហនុ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញ។

ប្រតិបត្តិការនេះ បានរកឃើញមនុស្សសរុបចំនួន ៥០នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ រួមមានកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលត្រូវបានសង្ស័យថាប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

ក្រោយប្រតិបត្តិការ សមត្ថកិច្ចបាននាំខ្លួនមនុស្សទាំងអស់ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងដែលត្រូវបានឆែកឆេរនោះ ត្រូវបានបិទជាបណ្តោះអាសន្ន។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចៀសវាងការចូលរួមក្នុងសកម្មភាពឆបោកអនឡាញគ្រប់ប្រភេទ ព្រោះជាបទល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គម សេដ្ឋកិច្ច និងកិត្តិយសរបស់ប្រទេសជាតិ។ អ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយតឹងរ៉ឹង និងគ្មានការអនុគ្រោះឡើយ៕

អត្ថបទ៖ កណ្តាល

Share.