ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយបញ្ជាក់ថា នាវាចម្បាំងទាំងអស់នឹងបន្តឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ាបន្តទៀត ព្រោះសហរដ្ឋអាមេរិកអាចនឹងត្រូវត្រឡប់ទៅប្រើប្រាស់វិធានការបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៊ីរ៉ង់ម្តងទៀត ទោះបីជាពេលនេះស្ទើរតែមិនទាន់មានភាពចាំបាច់ក្នុងការនាំយកវិធានការនេះមកប្រើប្រាស់វិញក៏ដោយ។ ដោយពេលនេះ នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង គឺ យូអេសអេស អាប្រាហាំ លីនខុន (USS Abraham Lincoln) និង យូអេសអេស ចច អេច ដបបលយូ ប៊ូស (USS George H.W. Bush) នៅតែបន្តឈរជើងនៅក្នុងសមុទ្រអារ៉ាប់។

សាររបស់ប្រធានាធិបតី ត្រាំ គឺស្របគ្នាទៅនឹងការផ្តល់បទសម្ភាសន៍របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ដែលបានបញ្ជាក់ថា លោក ត្រាំ មានផែនការបង្កើតសម្ពាធដើម្បីបង្ខំឱ្យអ៊ីរ៉ង់ព្រមធ្វើតាមកិច្ចព្រមព្រៀងដែលជំរុញដោយសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់បានអនុវត្តនៅឡើយទេ។ ទន្ទឹមនឹងនេះដែរ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហើបឱ្យដឹងថា ការពិភាក្សាខាងបច្ចេកទេសជាមួយអ៊ីរ៉ង់ដែលនឹងឈានចូលមកដល់ខាងមុខនេះ ជាផ្នែកមួយនៃការចរចាដែលកំពុងបន្តធ្វើឡើង នឹងជាការចរចាកម្រិតអ្នកជំនាញ រួមជាមួយគណៈកម្មការការងារលើប្រធានបទផ្សេងៗ។

លោក រូប៊ីអូ ជឿជាក់ថា ការចរចាខាងលើនឹងចាប់ផ្តើមឡើងនៅថ្ងៃទី ៣០ មិថុនា ហើយបានបន្ថែមថា ការពិភាក្សានោះ គឺជាការពិភាក្សាក្នុងកម្រិតមន្ត្រីប្រតិបត្តិការ ដូចជា អ្នកជំនាញខាងថាមពលនុយក្លេអ៊ែរ ហើយក៏មានខាងវិធានការទណ្ឌកម្ម និងផ្នែកផ្សេងៗទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ បើទោះបីជាការឈប់បាញ់នៅក្នុងប្រទេសលីបង់ គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាក៏ដោយ។ ដោយទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា មានមនុស្ស ២ នាក់បានស្លាប់ បណ្តាលមកពីហេតុការណ៍ដ្រូនរបស់អ៊ីស្រាអែលវាយប្រហារនៅក្នុងភូមិ ឃ្វហ្វា រុមម៉ាន (Kfar Roummane) ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី២៤ ខែមិថុនា ក្នុងខណៈពេលដែលមន្ត្រីរបស់អ៊ីស្រាអែល និងលីបង់កំពុងជំរុញការចរចាដ៏តានតឹង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah)។

របាយការណ៍ព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះទាំង ២ នាក់ បានបាត់បង់ជីវិតបន្ទាប់ពីដ្រូនរបស់​អ៊ីស្រាអែល​បានវាយប្រហារលើរថយន្តមួយគ្រឿង នៅម្តុំជាយក្រុង ដាបចា (Dabcha) ក្បែរនឹងភូមិ ឃ្វហ្វា រុមម៉ាន។ ការវាយប្រហារលើកចុងក្រោយ​នេះ ក៏បានកើតឡើងនៅក្នុងខណៈពេលដែល ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាថ្ងៃទី ២ ដើម្បីចរចាដោយមានសហរដ្ឋអាមេរិកជា អ្នកសម្របសម្រួល បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់ផ្តើមមានប្រសិទ្ធភាពកាលពីដើមខែនេះ ប៉ុន្តែនៅមិនទាន់អាចបញ្ឈប់ការវាយប្រហារបាននៅឡើយ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបំភ្លឺពីមូលហេតុនៃការវាយប្រហារខាងលើថា ទាហាននៅក្នុងកងវិន័យបានរកឃើញយានយន្តដែលមានជនសង្ស័យធ្វើដំណើរមកជាមួយ កំពុងបើកបរឆ្លងកាត់តំបន់សន្តិសុខម្តុំជួរភ្នំ អាលី អាល់តាហឺ (Ali al-Taher) តំបន់ណាបាទីយេ (Nabatieh) ភាគខាងត្បូងប្រទេសលីបង់។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ចលនាបែបនោះគឺជាការគំរាមកំហែងដល់ទាហានរបស់ IDF ដូច្នេះកងទ័ពអាកាសអ៊ីស្រាអែលទើបត្រូវវាយប្រហារ។ ចំណែកឯ លោក ហ្គីឌៀន សារ (Gideon Sa’ar) រដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីស្រាអែល បានបំភ្លឺពីមូលហេតុដែលត្រូវបន្តប្រតិបត្តិការយោធានៅក្នុងប្រទេសលីបង់ថា គឺដោយសារតែ ក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ុក្កែត មីស៊ីល និងដ្រូនសរុបជាង ៧,០០០ គ្រឿង វាយប្រហារលើទឹកដីអ៊ីស្រាអែល បណ្តាលឱ្យមានទាហានអ៊ីស្រាអែលស្លាប់ ៣៦ នាក់ និងប្រជាពលរដ្ឋស៊ីវិលស្លាប់ ៤ នាក់៕

https://troryorng.com/
Share.