កណ្តាល៖ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបានវឌ្ឍនភាពជារួម ៥៣,៨១% ហើយ ខណៈការងារសាងសង់កំពុងដំណើរការទៅតាមផែនការដែលបានកំណត់។


ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។


ស្ពានដីឥដ្ឋ-ថ្មគរ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ សម្រាប់ពង្រឹងការតភ្ជាប់ការដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចរវាងតំបន់ភាគខាងត្បូង និងភាគខាងកើតរាជធានីភ្នំពេញ។
គម្រោងនេះភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយតភ្ជាប់មហាវិថីស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ និងមានរយៈពេលសាងសង់សរុប ៤៨ខែ ដោយគ្រោងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៨។ស្ពាននេះមានប្រវែងសរុបជាមួយផ្លូវក្បាលស្ពាន ៣,៧០០ម៉ែត្រ ក្នុងនោះតួស្ពានមានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ) ខណៈផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ខ្សែ។




ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរ និងប្រតិបត្តិករដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលឆ្លងកាត់តំបន់ការដ្ឋានសាងសង់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ កណ្តាល

