តាកែវ៖ កម្លាំងមន្ត្រីជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាប និងឃាត់រថយន្តដឹកទំនិញខុសច្បាប់មួយគ្រឿង ដែលលួចនាំចូលប្រហិតសាច់ក្ដាមពីប្រទេសវៀតណាម តាមច្រកក្នុងភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមន្ត្រីជំនាញបានរកឃើញប្រហិតសាច់ក្ដាមចំនួន ៤១៦កេស ស្មើនឹងទម្ងន់ ៤,១៦០គីឡូក្រាម។ ក្រោយការត្រួតពិនិត្យ បានបញ្ជាក់ថា ផលិតផលទាំងនោះមានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

មន្ត្រីជំនាញបានឱ្យដឹងថា សារធាតុប៉ូរ៉ាក់អាចបណ្តាលឱ្យកើតបញ្ហាសុខភាពជាច្រើន ជាពិសេសប៉ះពាល់ដល់មុខងារតម្រងនោម និងសរីរាង្គខាងក្នុង ប្រសិនបើប្រើប្រាស់ជាប្រចាំ។ ក្រោយការបង្ក្រាប ប្រហិតសាច់ក្ដាមខុសច្បាប់ទាំងជាង ៤តោន សមត្ថកិច្ចដកហូត និងដឹកយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមក្នុងក្រុងដូនកែវ ខេត្តតាកែវ ដើម្បីការពារសុខភាពសាធារណៈ និងទប់ស្កាត់ការចរាចរផលិតផលគ្មានសុវត្ថិភាពលើទីផ្សារ៕

អត្ថបទ៖កណ្តាល

Share.