ឧត្តរមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រវត្តប្រាសាទតាមាន់សែនជ័យ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ការចុះបំពេញបេសកកម្មនេះ ត្រូវបានសម្របសម្រួលដោយក្រុមអ្នកសម្របសម្រួល (CLG) របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពិនិត្យលើការគោរព និងអនុវត្តវិធានការនានាដែលមានចែងក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់រវាងភាគីពាក់ព័ន្ធបានចូលជាធរមាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ដែលរងការខូចខាតដោយសារការប៉ះទង្គិចប្រដាប់អាវុធកាលពីឆ្នាំ២០២៥។ ទីតាំងទាំងនោះរួមមាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងលំនៅឋានប្រជាពលរដ្ឋ ដែលមួយចំនួនរងការខូចខាតធ្ងន់ធ្ងរ មិនអាចប្រើប្រាស់ ឬស្នាក់នៅបាន។

ក្រសួងការពារជាតិបានបញ្ជាក់ថា ការចុះសង្កេតការណ៍របស់ AOT គឺជាផ្នែកមួយនៃយន្តការតាមដានការអនុវត្តកិច្ចព្រមព្រៀង និងវិធានការកសាងទំនុកចិត្តរវាងភាគី ដើម្បីធានាថាបទឈប់បាញ់ត្រូវបានគោរព និងអនុវត្តប្រកបដោយប្រសិទ្ធភាព។ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ ម៉ឺងម៉ាត់ និងឆាប់រហ័សនូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងកម្ពុជា និងថៃ ដើម្បីស្ដារឡើងវិញនូវប្រក្រតីភាពនៅតំបន់ព្រំដែន សម្រួលការវិលត្រឡប់ទៅរកជីវភាពធម្មតារបស់ប្រជាពលរដ្ឋ និងពង្រឹងសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងរយៈពេលវែង៕



