បាងកក៖ ស្រ្តីជនជាតិថៃម្នាក់ បានបង្ហាញខ្លួននៅចំពោះមុខតុលាការមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងសវនាការជំនុំជម្រះពីបទល្មើសអន្តោប្រវេសន៍ ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរថា នាងបានសម្លាប់អតីតប្តីរបស់ខ្លួន ដែលជាអ្នកការទូតអាមេរិកម្នាក់យ៉ាងឃោឃៅ។ នេះបើយោងតាមការទម្លាយឱ្យដឹងពីមេធាវីម្នាក់ដែលដឹងឮរឿងក្តីនេះ។

ជនជាប់ចោទមានឈ្មោះថា Pavinee Supasirivisan កំពុងរងការចោទប្រកាន់ពីបទ «មនុស្សឃាតដោយចេតនា» ទៅលើអ្នកការទូតអាមេរិកម្នាក់ កាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែនៅក្នុងជំហានដំបូងនេះ នាងត្រូវប្រឈមមុខនឹងការកាត់ទោសពីបទរំលោភច្បាប់អន្តោប្រវេសន៍របស់មីយ៉ាន់ម៉ាជាមុនសិន ដែលច្បាប់នេះអនុវត្តជាធរមានចំពោះជនបរទេសណាដែលហ៊ានមកប្រព្រឹត្តបទឧក្រិដ្ឋនៅលើទឹកដីរបស់ខ្លួន។

អ្វីដែលរងការរិះគន់យ៉ាងចាស់ដៃ និងបង្កជាមន្ទិលក្នុងរឿងក្តីនេះ គឺ ជំហរលាក់បាំង និងអសកម្មរបស់អាជ្ញាធរថៃ។ ក្រសួងការបរទេសថៃ បានត្រឹមតែចេញមុខមកទទួលស្គាល់យ៉ាងទទឹងទិសថា ខ្លួនបានផ្តល់ជំនួយផ្នែកកុងស៊ុលដល់ជនសង្ស័យតែប៉ុណ្ណោះ ប៉ុន្តែបានបដិសេធដាច់អហង្ការក្នុងការផ្តល់ព័ត៌មានលម្អិតផ្សេងទៀតដល់សាធារណជន។ ការព្យាយាមបិទបាំងព័ត៌មាន និងមិនហ៊ានប្រឈមមុខនឹងការពិតពីសំណាក់រដ្ឋាភិបាលថៃ ក្នុងករណីដែលពលរដ្ឋខ្លួនទៅបង្កឧក្រិដ្ឋកម្មដ៏អាម៉ាស់នៅលើឆាកអន្តរជាតិបែបនេះ កំពុងស្តែងឱ្យឃើញពីការខ្វះការទទួលខុសត្រូវ និងការការពារជនល្មើសយ៉ាងគួរឱ្យខកចិត្ត។

ជនរងគ្រោះដែលជាអ្នកការទូតអាមេរិក ត្រូវបានគេរកឃើញថា ស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមចាក់ជាច្រើនកាំបិតត្រង់ចំក្បាល និងក កាលពីថ្ងៃទី១១ ខែឧសភា នៅសណ្ឋាគារលំដាប់ខ្ពស់ Sakura Residence & Hotel ដែលជាទីតាំងមានសន្តិសុខតឹងរ៉ឹង និងពេញនិយមសម្រាប់មន្ត្រីអន្តរជាតិ។ ទង្វើនេះមិនត្រឹមតែជាបទឧក្រិដ្ឋកម្មបុគ្គលនោះទេ ប៉ុន្តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះសង្គមថៃទាំងមូល និងអាចបង្កើតជាស្រមោលខ្មៅស្រពិចស្រពិលក្នុងទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកថែមទៀតផង។

បច្ចុប្បន្ន ជនជាប់ចោទកំពុងប្រឈមមុខនឹងទោសទណ្ឌ ២ករណី ដោយបទល្មើសអន្តោប្រវេសន៍មានទោសជាប់ពន្ធនាគារពី ៦ខែ ទៅ ៥ឆ្នាំ ខណៈដែលបទមនុស្សឃាត អាចនឹងត្រូវប្រឈមមុខនឹងការជាប់គុកពី ១០ឆ្នាំ រហូតដល់ ទោសប្រហារជីវិត។

ទាក់ទិននឹងបញ្ហានេះ សាធារណជនអន្តរជាតិកំពុងបន្តតាមដានយ៉ាងដិតដល់ថា តើ តុលាការមីយ៉ាន់ម៉ានឹងផ្តល់យុត្តិធម៌កម្រិតណាដល់ជនរងគ្រោះ ខណៈដែលភាគីថៃនៅតែបន្តប្រើល្បិចបិទភ្នែកបិទច្រមុះ និងលាក់បាំងព័ត៌មានជុំវិញឃាតកររូបនេះតទៅទៀតនោះ៕

ប្រភព៖ Khaosod English

Share.