ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្តពង្រឹងរចនាសម្ព័ន្ធដឹកនាំរបស់ខ្លួន តាមរយៈការប្រកាសចូលកាន់មុខតំណែង និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន វណ្ណា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអគ្គនាយករង ខណៈលោកស្រី លុយ ច័ន្ទម៉ាឡែន ត្រូវបានប្រគល់ភារកិច្ចជាប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។




ការតែងតាំង និងប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំថ្មីនាពេលនេះ គឺជាផ្នែកមួយនៃការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធដឹកនាំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការអនុវត្តការងារ និងការផ្តល់សេវាសាធារណៈក្នុងវិស័យអត្តសញ្ញាណកម្ម ឱ្យកាន់តែមានគុណភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។














