នាថ្ងៃសុក្រ ទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងថា ប្រទេសចិនមានបំណងបង្កើតភាពជាដៃគូសន្តិសុខជាមួយកម្ពុជា។ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា ចិនតែងតែចាត់ទុកកម្ពុជា ជាអាទិភាពខ្ពស់ក្នុងនយោបាយការបរទេសជាមួយប្រទេសជិតខាង ហើយទីក្រុងប៉េកាំងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។

លោកប្រធានាធិបតី ក៏បានលើឡើងផងដែរថា ស្ថានភាពអន្តរជាតិ និងតំបន់កំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា ដូច្នេះកម្ពុជា និងចិនគួរតែរួមគ្នា ដើម្បីបង្កើនស្ថិរភាព សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

បន្ថែមលើនេះ ខ្លឹមសារសំខាន់ៗ នៃជំនួបនោះរួមមាន៖

  • លោក ស៊ី បានអំពាវនាវឲ្យភាគីទាំងពីរលើកកម្ពស់មូលដ្ឋានគ្រឹះនៃទំនុកចិត្តជាយុទ្ធសាស្ត្ររវាងគ្នាទៅវិញទៅមកឱ្យឈានដល់ កម្រិតខ្ពស់ថ្មីមួយទៀត”
  • លោកប្រធានាធិបតីចិនបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ព្រមទាំងប្ដេជ្ញាចិត្តក្នុងការសហការជាមួយកម្ពុជាដើម្បីលុបបំបាត់ «ដុំសាច់មហារីក» នៃអំពើឆបោកទាំងនេះឱ្យអស់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កំពុងបំពេញដំណើរទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦។ កាលពីខែមេសាកន្លងទៅ ប្រទេសទាំងពីរក៏ទើបតែបានបើកកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” ដោយមានការចូលរួមពី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងនយោបាយ និងសន្តិសុខផងដែរ៕

ប្រភព៖ Reuters

Share.