ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ចុះកាត់តុបតែងមែកឈើ និងបន្តដាំដើមឈើបន្ថែម នៅតំបន់ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលជាស្ពានមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា។

សកម្មភាពនេះ បានធ្វើឡើងពេញមួយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងឃុំអូរសោម ស្រុកវាលវែង ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបង្កើនគម្របព្រៃបៃតងនៅតំបន់ទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការដាំដើមឈើមិនមែនគ្រាន់តែដាំឱ្យបានច្រើននោះទេ ប៉ុន្តែត្រូវធានាឱ្យដើមឈើរស់លូតលាស់ល្អ តាមរយៈការថែទាំជាប្រចាំ ដើម្បីទទួលបានលទ្ធផលជាក់ស្តែង។ ការចុះដឹកនាំអនុវត្តដោយផ្ទាល់ ក៏មានគោលបំណងបង្ហាញពីបច្ចេកទេសដាំ និងថែទាំដើមឈើឱ្យមានប្រសិទ្ធភាពដល់មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តចូលរួមដាំ និងថែរក្សាដើមឈើ ដើម្បីរួមគ្នាប្រែក្លាយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តបៃតង មានបរិស្ថានស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន។

Share.