ប្រជាជនចិននៅទូទាំងប្រទេស បានសម្តែងនូវការគោរពស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន ដោយបានចាត់ទុកព្រឹទ្ធាចារ្យដឹកនាំរូបនេះ គឺជា «មិត្តដ៏ល្អពិតប្រាកដរបស់ចិន»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

យោងតាមការថ្លែងឱ្យដឹងពី ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានគូសបញ្ជាក់ថា នៅក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ ឯកឧត្តម លូ ហៃស៊ីង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូ។ ឯកឧត្តមរដ្ឋមន្ត្រីចិនបានវាយតម្លៃខ្ពស់ថា វត្តមានរបស់សម្តេចតេជោនៅលើទឹកដីចិននាពេលនេះ គឺជាចលករដ៏សំខាន់ ក្នុងការជម្រុញ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ អ្វីដែលជាការកត់សម្គាល់ គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ត្រូវបានផ្សព្វផ្សាយភ្លាម ប្រជាជនចិនបានសម្តែងនូវការចាប់អារម្មណ៍ និងក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលនេះស្តែងឱ្យឃើញពីទឹកចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះសម្តេចតេជោ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស ឯកឧត្តម លូ ហៃស៊ីង បានរំលេចថា តាមរយៈដំណើរទស្សនកិច្ចនេះ គណបក្សទាំងពីរបានឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ថ្មីមួយ។ ភាគីចិនមានក្តីសង្ឃឹមយ៉ាងមុតមាំថា MOU នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការញាំងឱ្យទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន កាន់តែមានភាពស្អិតរមួត ជាពិសេសលើការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរៀបចំឡើងយ៉ាងសរម្យពីភាគីចិន។ សម្តេចតេជោបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏មានន័យថា ឆ្នាំ២០២៦ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៣៥ នៃដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់សម្តេចមកកាន់សាធារណរដ្ឋប្រជាមានិតចិន (១៩៩១-២០២៦)។ ជាងនេះទៅទៀត គាប់ជួបចំខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងជាផ្លូវការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ពីតម្លៃយុទ្ធសាស្ត្រថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តជាក់ស្តែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសបញ្ចប់ជំនួប ឯកឧត្តម លូ ហៃស៊ីង ក៏បានប្រសិទ្ធពរជ័យជូន សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឱ្យទទួលបាននូវភាពជោគជ័យត្រចះត្រចង់ ក្នុងការបំពេញទស្សនកិច្ចនៅលើទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ ដើម្បីបន្តនាំមកនូវឧត្តមផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕


