ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិបញ្ញត្តិចិន បានបង្ហាញនូវការវាយតម្លៃខ្ពស់បំផុតចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងចិន ដោយបានប្រសិទ្ធនាមទំនាក់ទំនងនៃប្រទេសទាំងពីរថាជា «មិត្តចាស់ មិត្តដែកថែប» ដែលមានប្រពៃណីជួយយកអាសាគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង។


យោងតាមការបញ្ជាក់ពី ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបដ៏មហោឡារិកនោះ ឯកឧត្តម ចាវ ឡឺជី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានសភាចិនបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំកន្លងទៅ ដែលដំណើរទស្សនកិច្ចនោះបានស្តែងឱ្យឃើញពីការជំរុញ និងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការជំរុញការអនុវត្តជាក់ស្តែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ចាវ ឡឺជី សម្រាប់ការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ ជាមួយគ្នានោះ សម្តេចតេជោបានសង្កត់ធ្ងន់ពីភាពហ្មត់ចត់នៃចំណងមិត្តភាពនេះដោយមានប្រសាសន៍ថា៖ ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួល ប៉ុន្តែដាច់ខាតមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។


បន្ថែមពីលើនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចចង់ឃើញស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីជាគ្រឹះគាំទ្រដល់រដ្ឋាភិបាលនិងគណបក្សនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម ចាវ ឡឺជី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះប្រសាសន៍លើកឡើងដ៏មានតម្លៃរបស់សម្តេចតេជោ ដោយឯកឧត្តមបានបញ្ជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាទំនាក់ទំនងដែលឈរលើការជឿជាក់គ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ដែលមិនអាចមានអ្នកណាមកបំបែកបំបាក់មិត្តភាពនេះបានឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានសភាចិន ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិ ដោយឯកឧត្តមចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ និងស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកជួយជ្រោមជ្រែង និងជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ឱ្យសម្រេចបាននូវផ្លែផ្កាជាអតិបរមា។
នៅក្នុងឱកាសបញ្ចប់ជំនួបខាងលើនេះ ឯកឧត្តម ចាវ ឡឺជី បានប្រសិទ្ធពរជ័យឆ្នាំថ្មីជូន សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឱ្យបំពេញបេសកកម្ម និងទស្សនកិច្ចផ្លូវការនៅលើទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ និងផ្លែផ្កាជានិរន្តរ៍៕

