ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំបណ្ដេញជនជាតិចិនសរុបចំនួន ១៧៣នាក់ ក្នុងនោះស្រី ២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរពិសេស នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្ដេញចេញនេះ ធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិន អនុវត្តនីតិវិធីស្របតាមច្បាប់ ចំពោះជនបរទេសដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការលួចស្នាក់នៅ ព្រមទាំងធ្វើការងារខុសច្បាប់នៅកម្ពុជា។

វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ មិនអនុគ្រោះចំពោះជនប្រព្រឹត្តបទល្មើស និងបន្តស្វែងរកមេខ្លោងដែលនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

អាជ្ញាធរបានបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពារសន្តិសុខសង្គម និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ឱ្យអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។

អត្ថបទ៖ចតុម្មុខ

