សុងខ្លា៖​​​​​​ វិស័យសាសនាព្រះពុទ្ធនៅប្រទេសថៃ បានធ្លាក់ចុះដុនដាប និងជួបប្រទះនឹងរឿងអាស្រូវដ៏ស្អុយរលួយម្តងទៀត បន្ទាប់ពីសមត្ថកិច្ចខេត្តសុងក្លាបានបើកការស៊ើបអង្កេតជាបន្ទាន់មួយ ជុំវិញករណីព្រះចៅអធិការវត្តល្បីឈ្មោះម្នាក់នៅក្នុងស្រុកហត្ថយៃ (Hat Yai) រងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា បានប្រើអំណាចធ្វើបាប និងរំលោភបំពានផ្លូវភេទលើនេនតូចៗ អាយុចន្លោះពី ១៣ ទៅ ១៤ឆ្នាំ ចំនួន ៤អង្គជាច្រើនលើកច្រើនសារ ចាប់តាំងពីដើមឆ្នាំ២០២៦មក។

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ធីរ៉ាសាក់ ឆៃយ៉ូថា (Thirasak Chaiyotha) មេបញ្ជាការប៉ូលិសខេត្តសុងក្លា បានបញ្ជាផ្ទាល់ឱ្យមន្ត្រីប៉ូលិសមកពីប៉ុស្តិ៍ Thung Lung ចុះទៅសាកសួរព្រះចៅអធិការវត្តរូបនោះជាបន្ទាន់ បន្ទាប់ពីអាណាព្យាបាលរបស់នេនរងគ្រោះទ្រាំមើលទង្វើអគតិបែបនេះមិនបាន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការ។

យោងតាមពាក្យបណ្តឹង ជនរងគ្រោះបានទម្លាយថា គ្រូសូត្រ ឬព្រះចៅអធិការល្មោភកាមរូបនេះ បានបង្ខំឱ្យពួកគេបំពេញតណ្ហាផ្លូវភេទនៅក្នុងសាលធំ ដែលជាកន្លែងសម្រាប់សម្រាក និងបំពេញការងាររបស់វត្ត ទាំងយប់ទាំងថ្ងៃ ដោយមិនញញើតនឹងបាបកម្មទាល់តែសោះ។ ភ្លាមៗ បន្ទាប់ពីរឿងនេះផ្ទុះឡើង ជនជាប់ចោទបានបដិសេធមិនទាល់ស្គាល់នោះទេ ប៉ុន្តែបច្ចុប្បន្នបានរត់គេចខ្លួនបាត់ស្រមោល និងបិទទូរស័ព្ទដៃមិនអាចទាក់ទងបានឡើយ។

រឿងរ៉ាវនេះត្រូវបានលាតត្រដាង បន្ទាប់ពីនេនតូចមួយអង្គបានលួចរត់ភៀសខ្លួនចេញពីវត្តទាំងភិតភ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានរៀបរាប់ប្រាប់ឪពុកម្តាយទាំងទឹកភ្នែកអំពីភាពមិនសមរម្យនៅក្នុងវត្តនោះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមគ្រួសារសាច់ញាតិរបស់ចៅអធិការថែមទាំងបានព្យាយាមទាក់ទងមកគ្រួសាររងគ្រោះ ដើម្បីសម្របសម្រួល និងលាក់បាំងរឿងអាស្រូវនេះទៀតផង ប៉ុន្តែខាងសាច់ញាតិជនរងគ្រោះបានបដិសេធ ដ្បិតពួកគេចង់ឃើញជនល្មើសនៅក្នុងស្បង់ចីវររូបនេះត្រូវទទួលទោសតាមច្បាប់ជាធរមាន។

លើសពីនេះទៀតនោះ យោងតាមសារព័ត៌មាន DailyNews បានទម្លាយថា មិនមែនមានតែចៅអធិការម្នាក់នោះទេ សូម្បីតែនេនរៀមច្បង (នេនធំ) នៅក្នុងវត្តនោះ ក៏បានរៀនសូត្រតាមគំរូដ៏អាក្រក់នេះ ដោយបានធ្វើសកម្មភាពរំលោភបំពានផ្លូវភេទលើនេនតូចៗទាំងនោះដូចគ្នាដែរ។

បច្ចុប្បន្ន វត្តដែលស្ថិតនៅក្នុងឃុំបានព្រុ (Ban Phru) ស្រុកហត្ថយៃ មួយនេះ បានក្លាយជា «វត្តហាមឃាត់» ដែលគ្មានសល់ព្រះសង្ឃ ឬនេនសូម្បីតែមួយអង្គ ខណៈនេន ៦អង្គផ្សេងទៀត ត្រូវបានជម្លៀសទៅគង់នៅវត្តផ្សេងជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពផ្លូវចិត្ត។

យ៉ាងណាម៉ិញ នេះមិនមែនជាលើកទីមួយទេ ដែលស្ថាប័នសាសនាថៃ រងការរិះគន់ថា រលួយដល់ឫសគល់។ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ប៉ូលិសសាយប័រ( Cyber) ថៃ ក៏ធ្លាប់បានចាប់ខ្លួនអតីតព្រះសង្ឃម្នាក់នៅខេត្តពិចិត្រ (Phichit) ផងដែរ បន្ទាប់ពីរកឃើញថា បានប្រើប្រាស់គណនី Telegram ដើម្បីចែកចាយរូបភាពអាសអាភាសកុមារ និងបានប្រព្រឹត្តសកម្មភាពរំលោភសេពសន្ថវៈលើកុមារីអាយុទើបតែ ១០ឆ្នាំម្នាក់យ៉ាងអយុត្តិធម៌បំផុតផងដែរ។

ជុំវិញបញ្ហារឿងអាស្រូវនេះ មហាជននៅក្នុងប្រទេសថៃ និងអ្នកលេងបណ្តាញសង្គមកំពុងសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះប្រព័ន្ធគ្រប់គ្រងសង្ឃថៃ ដែលហាក់ដូចជា ធូររលុង គ្មានការត្រួតពិនិត្យតឹងរ៉ឹង បណ្តោយឱ្យជនខិលខូចយកស្បង់ចីវរមកធ្វើជាខែលបិទបាំងទង្វើថោកទាប បំផ្លាញសាសនា និងបំផ្លាញអនាគតរបស់កុមារស្លូតត្រង់បែបនេះ៕

ប្រភព៖ The Thaiger

Share.