ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកវាលវែងចំនួន២រូប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ។




តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៦៧៤ ប្រក ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោក ទៀង វឌ្ឍនៈ ពីអភិបាលរងស្រុកភ្នំក្រវាញ មកជាអភិបាលរងស្រុកវាលវែង និងតែងតាំង លោក ប្រាក់ អំចំណាន ឱ្យកាន់តំណែងជាអភិបាលរងស្រុកវាលវែង។
ក្រោយទទួលតំណែងថ្មី ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបំពេញតួនាទីដោយស្មោះត្រង់ គោរពច្បាប់ និងរដ្ឋធម្មនុញ្ញ ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង និងខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។




មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យអភិបាលរងថ្មីទាំងពីរ ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ តម្លាភាព គណនេយ្យភាព និងធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាល ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍស្រុកវាលវែងឱ្យកាន់តែរីកចម្រើន។


ការតែងតាំង និងផ្ទេរភារកិច្ចអភិបាលរងទាំង២រូប ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងសមត្ថភាពដឹកនាំរដ្ឋបាល ជំរុញការអនុវត្តផែនការអភិវឌ្ឍមូលដ្ឋាន និងបង្កើនគុណភាពសេវាសាធារណៈ ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
អត្ថបទ÷ពោធិ៍សាត់
