ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងពិនិត្យស្ថានភាពរស់នៅរបស់យុទ្ធជន ដែលកំពុងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោកមេបញ្ជាការ បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពគ្រប់រូប ដោយកោតសរសើរចំពោះស្មារតីលះបង់ ការអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។ លោកក៏បានណែនាំឱ្យកងទ័ពបន្តថែរក្សាសុខភាព ពង្រឹងវិន័យ និងរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញភារកិច្ច។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនយុទ្ធជនម្នាក់ៗ ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ទង្វើនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំអង្គភាព ចំពោះសុខទុក្ខរបស់កងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។

សកម្មភាពចុះសួរសុខទុក្ខ និងឧបត្ថម្ភនេះ មិនត្រឹមតែបានផ្តល់នូវភាពកក់ក្តៅ និងកម្លាំងចិត្តដល់យុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្មារតីសាមគ្គីភាព ទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់កងទ័ព ក្នុងការបន្តបំពេញបេសកកម្មការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពរឹងមាំ និងទំនួលខុសត្រូវខ្ពស់។

Share.