កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្តោតលើការត្រួតពិនិត្យវឌ្ឍនភាពការងារ ការបែងចែកភារកិច្ច និងការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ឱ្យបានល្អ ខណៈក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវពន្លឿនការងារដែលនៅសេសសល់ ដើម្បីធានាឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ដោយឡែក ឯកឧត្តម លឹម ស៊ីដេនីន បានឱ្យដឹងថា ទីតាំងប្រារព្ធពិធីស្ថិតនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ហើយរំពឹងថានឹងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមប្រមាណ ៧,០០០នាក់។ ពិធីនេះត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរួមចំណែកលើកកម្ពស់ការធ្វើដំណើរ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងខេត្តកំពង់ចាម និងតំបន់ជាប់ពាក់ព័ន្ធ។

អត្ថបទ÷អាចារ្យលាក់

Share.