កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល បានបង្ក្រាបរថយន្តដឹកជញ្ជូនថ្នាំពេទ្យគ្មានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីត្រឹមត្រូវ ជាច្រើនម៉ឺនប្រអប់ នៅលើផ្លូវជាតិលេខ៦A។



ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០០ និង ១៥នាទី រំលងអធ្រាត្រ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រ២៣ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល បានឃាត់រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359។
អ្នកបើកបរឈ្មោះ ភាព ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅខេត្តក្រចេះ ត្រូវបាននាំខ្លួនសាកសួរ។ ក្រោយពិនិត្យ រកឃើញថ្នាំពេទ្យសរុបចំនួន ៤៥ កេសធំ ស្មើនឹង ១២០ ប្រភេទ និងចំនួន ២៣,៤០០ ប្រអប់ ដែលគ្មានឯកសារច្បាប់ និងមិនបានចុះបញ្ជីត្រឹមត្រូវឡើយ។
ថ្នាំពេទ្យទាំងនេះ ត្រូវបានដកហូត និងយកទៅរក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី។
ប្រតិបត្តិការនេះ អនុវត្តក្រោមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

