ក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាល ចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ នេះ​បើយោង​តាម​ប្រកាស​ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ជុំវិញ​ការកំណត់ចំនួនមុខតំណែង លោក​ ទូច​ សុឃៈ​ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា៖ ​«ចំពោះ​ការសិក្សាចំនួនមុខតំណែងនៃរងៗ ពោលគឺមានស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង វរសេនាតូចប្រចាំព្រំដែន នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត គឺយើងបានសិក្សាតាំងពីដើមអាណត្តិមកម៉្លេះ។ ហើយក៏បានចាត់ ឬក៏ដាក់ចេញនូវវិធានការទប់ មិនឱ្យមានការតែងតាំងមុខតំណែងរងដូចបានរៀបរាប់ខាងលើនេះបន្ថែមទៀតដែរ។ លើកលែងតែករណីចាំបាច់បំផុតទេ។»

លោក​ ទូច​ សុឃៈ​ (សុខៈ) បាន​បន្តថា៖ ហើយក៏មិនអនុញ្ញាតឱ្យមានការតែងតាំង ជំនួស ឬបំពេញបន្ថែម រាល់មុខតំណែងរងដែលត្រូវទំនេរនោះដែរ។ គឺបានអនុវត្តតាំងពីដើមអាណត្តិរហូតមកដល់ពេលនេះ ដែលលទ្ធផលនៃការសិក្សាឈានទៅដល់ការកំណត់ចំនួនជាក់លាក់ និងដាក់ចេញប្រកាសជាផ្លូវការ ដូចដែលបងប្អូនបានឃើញប្រកាសរបស់ក្រសួងមហាផ្ទៃ កំណត់អំពីចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរងវរព្រំដែន អីចឹងជាដើមទៅ បាទ នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បាទ។

អ្នកនាំពាក្យរង បន្ថែម​ថា៖ ហើយចំពោះការចេញប្រកាសជាផ្លូវការ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏មិនប៉ះពាល់ទៅដល់បងប្អូនមន្ត្រីនគរបាលជាតិរបស់យើងដែលបានតែងតាំងរួចហើយ និងចំនួនដែលមានស្រាប់រួចហើយ មុនប្រកាសនេះចេញនោះដែរ។ នៅក្នងប្រកាសនេះគឺបានកំណត់ជាក់លាក់តែម្តង គឺការកំណត់ចំនួនមុខតំណែងនេះ មិនមានអានុភាពប្រតិសកម្មចំពោះមុខតំណែងរបស់មន្ត្រីនគរបាលជាតិដែលបានតែងតាំងរួចហើយទេ។ អាហ្នឹងនៅក្នុងប្រការ៥ នៃប្រកាសហ្នឹងបានកំណត់អីចឹង។ ន័យសាមញ្ញមានន័យថា បើមុខតំណែងហ្នឹងបានតែងតាំងមុនប្រកាសនេះចូលជាធរមាន ចំនួនរងទាំងឡាយដែលមានមុនប្រកាសនេះចូលជាធរមាន គឺនៅរក្សាដដែល ពោលគឺមិនទៅរុះរើ មិនទៅសម្រួល មិនទៅតម្រឹម អោយត្រូវតាមចំនួនកំណត់ដែលប្រកាសនេះដាក់ចេញទេ។

លោក​ ទូច​ សុឃៈ​ (សុខៈ) ក៏​បាន​បញ្ជាក់ថា៖ ក៏ប៉ុន្តែគឺយើងបាន និងកំពុងបន្តអនុវត្តនូវការតែងតាំងមុខតំណែងរងថ្មីបន្ថែម យើងបានដាក់ចេញវិធានការទប់មិនឱ្យមានការតែងតាំងមុខតំណែងរងជំនួសបំពេញបន្ថែម នៅក្នុងករណីបាត់បង់ដោយប្រការណាមួយ ឬក៏ទំនេរដោយប្រការណាមួយទេ។ ពោលគឺ បើសិនជាមន្ត្រីដែលកាន់មុខតំណែងរងនោះ គាត់ទទួលមរណភាព បាទ គាត់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ គាត់ត្រូវបានបញ្ចប់មុខតំណែង បាទ គាត់ត្រូវបានដាក់ឱ្យចូលនិវត្តន៍មុនអាយុ គាត់ស្នើសុំចូលនិវត្តន៍មុនអាយុ គាត់បាត់បង់នីតិសម្បទា វិជ្ជាជីវៈ មិនអាចបំពេញការងារបានតទៅទៀតទេ បាទ ហូរហែជាដើម បាទ គឺមិនអាចតែងតាំងបំពេញបន្ថែមជំនួសបានជាដាច់ខាត។ នេះគឺទើបជាមូលដ្ឋានដែលត្រូវអនុវត្តបាន៕

Share.