មុកដាហាន៖ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យខ្លាចមួយបានកើតឡើងនៅក្នុងខេត្តមុកដាហាន ភូមិភាគឦសាននៃប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលរថយន្តភីកអាប់ (Pickup) មួយគ្រឿងបានជ្រុលទៅបុកយ៉ាងពេញទំហឹងលើក្រុមព្រះសង្ឃដែលកំពុងនិមន្តធ្វើធុតង្គតាមដងផ្លូវ បណ្តាលឱ្យព្រះសង្ឃចំនួន ៨អង្គបានសុគត និង ១៣អង្គផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១២:០០ថ្ងៃត្រង់ នៅតាមបណ្តោយដងផ្លូវក្នុងភូមិបានណាស៊ីនួន ស្រុកមឿង។ ភ្លាមៗនោះ ក្រុមសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យ និងកម្លាំងសមត្ថកិច្ចបានប្រញាប់ប្រញាល់ចុះទៅដល់កន្លែងកើតហេតុ ដោយបានប្រទះឃើញសាកសពព្រះសង្ឃ និងព្រះសង្ឃរងរបួសដួលដេកនៅរណូករណែលពេញដងផ្លូវ និងចិញ្ចើមផ្លូវគួរឱ្យសង្វេគ។

ក្នុងជំហានដំបូង ព្រះសង្ឃចំនួន ៥អង្គបានសុគតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈសង្ឃ ៣អង្គទៀតបានសុគតជាបន្តបន្ទាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកឯព្រះសង្ឃ ១៣អង្គដែលរងរបួសធ្ងន់ ត្រូវបានគេដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យក្បែរនោះ។

តាមការស៊ើបអង្កេតបឋមរបស់នគរបាលបានរកឃើញថា រថយន្តបង្កហេតុនោះ ត្រូវបានបើកបរដោយ អនីតិជន អាយុ ១១ឆ្នាំម្នាក់។ ប្រភពដដែលបានឱ្យដឹងថា យុវជនរូបនេះបានលួចយករថយន្តនោះមកបើកបរដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលឡើយ។

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបានហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាង សាកសួរអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក និងកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់ទៀត៕

ប្រភព៖ Khaosod English

Share.